(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស់ ១០៥នាក់ស្លាប់ និង ១៥០នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែក ក្នុងស្រុកម៉ាស្តាំង (Mastung) នៃខេត្តបាឡូជីស្ថាន (Balochistan) ភាគនិរតីប៉ាគីស្ថាន ខណៈអ្នករងរបួសជាច្រើននាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់ប៉ាគីស្ថាន លោក អាហ្គា អ៊ូម៉ា (Agha Umar) បាននិយាយថា ចំនួនមនុស្សស្លាប់អាចនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត ខណៈមនុស្សរបួសកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសុក្រនោះភ្លាមៗ ក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងតំបន់បានចេញមុខអះអាងថា ជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារដ៏អាក្រក់បំផុតនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះមានការជួបជុំគ្នាយ៉ាងធំសម្បើម នៃក្រុមអ្នកគាំទ្រគណបក្សនយោបាយមួយនៅស្រុកម៉ាស្តាំង ខេត្តបាឡូជីស្ថាន ប៉ុន្តែខណៈដែលការប្រជុំគ្នាកំពុងតែមានសភាពកកកុញខ្លាំង ស្រាប់តែគ្រាប់បែកបានផ្ទុះឡើង នាំឲ្យមនុស្សស្លាប់ និងរងរបួសរហូតទៅជាង ២៥០នាក់តែម្តង៕