(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងលេង១ប្រកួតចុងក្រោយនៅ FIFA World Cup 2018 ដោយប៉ះក្រុម នៅអឺរ៉ុបដូចគ្នា ប៊ែលហ្ស៊ិក នាម៉ោង ៩យប់នេះ ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ដែលមានរង្វាន់អមជាទឹកប្រាក់ចំនួន២៤លានដុល្លារ និងមេដាយសំរឹទ្ធ ៤៥គ្រឿងផងដែរសម្រាប់ក្រុមឈ្នះ និងក្រុមចាញ់ទទួលបាន ២២លានដុល្លារ។
នេះជាការជួបគ្នាលើកទី២ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 លើកទី២១ ដែលមាន ប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ដោយអង់គ្លេសបានចាញ់ប៊ែលហ្ស៊ិកដោយលទ្ធផលបច្ចេកទេស ១-០ នៃការប្រកួតលើកទី៣ ក្នុងនាមជាក្រុមដែលចេញពីពូល G ដូចគ្នា។
ក្រុមដែលមានរហស្សនាមថា «តោកំណាចអង់គ្លេស» បន្តខកខានលើកពានលំដាប់ពិភពលោក ដែលមានរយៈពេល ៤ឆ្នាំម្តងនេះជាថ្មីទៀត បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ក្រូអាត ក្នុងលទ្ធផល ២-១ នៃម៉ោងបន្ថែម ១៥នាទី ២ដងនោះ បានធ្វើឲ្យក្រុមលេខ២ ក្នុងពូលមួយនេះធ្លាក់មកជួបក្រុមហាលអាវក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា បិសាចក្រហមប៊ែលហ្ស៊ិក នាម៉ោង ៩រាត្រីថ្ងៃសៅរ៍ ទី១៤ ខែកក្កដានេះ ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ប្រចាំព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ និងរំជើបរំជួលនេះនៃការប្រកួតលើកទី៦៣ នៅ World Cup 2018។
ទាំងអង់គ្លេស និងប៊ែលហ្ស៊ិក ធ្លាប់មានប្រវត្តិជួបគ្នាសរុបចំនួន ២២ដង ដោយតោកំណាចធ្លាប់ឈ្នះ ១៥ដង ស្មើ៤ដង និងចាញ់ប៊ែលហ្ស៊ិក តែ៣ដងប៉ុណ្ណោះ ក្នុងនាមអង់គ្លេសបានបង្ហាញខ្លួននៅ World Cup បានចំនួន ១៥ដង ដោយឈ្នះជើងឯកម្តងដែរកាល World Cup 1966 ក្នុងទឹកដីរបស់ខ្លួន និងមិនដែលរងជើងឯកឡើយ ខណៈប៊ែលហ្ស៊ិកបានឡើងមកលេង World Cup បាន១៣ដង មិនដែលរង និងឈ្នះជើងឯកឡើយ តែធ្លាប់ជាប់លេខ៤ម្តងដែរកាលឆ្នាំ១៩៨៦ ដែលមានមិចស៊ិក ធ្វើម្ចាស់ផ្ទះ៕