(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានរិះគន់យ៉ាងខ្លាំងលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងបំពេញទស្សនកិច្ចនៅអង់គ្លេសថា មានចេតនាបង្កអស្ថេរភាពដល់អឺរ៉ុប ប៉ុន្តែទីក្រុងប៉ារីសនឹងមិនអនុញ្ញាតឱ្យលោក សម្រេចវត្ថុបំណងនេះជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក Le Drian ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង BFMTV នៅថ្ងៃសុក្រនេះ។ ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសបារាំងបានគូសបញ្ជាក់ដូច្នេះថា «លោក ត្រាំ បានបំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បំផ្លាញកិច្ចព្រមព្រៀងស្ដីពីបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស និងបំផ្លាញគំរូប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ... ហើយឥឡូវលោកមានបំណងបំផ្លាញឯកភាព និងបង្កអស្ថេរភាពដល់អឺរ៉ុបថែមទៀត តាមរយៈគោលនយោបាយពាណិជ្ជកម្មរបស់លោក។ ប៉ុន្តែអឺរ៉ុបនឹងមិនអនុញ្ញាតឱ្យលោក សម្រេចវត្ថុបំណងនេះជាដាច់ខាត»។
គួរជម្រាបថា ជម្លោះពណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ផ្ទុះឡើងកាលពីខែមីនាក្រោយលោក ដូណាល់ ត្រាំ ប្រកាសតម្លើងពន្ធ ២៥ភាគរយ លើដែកថែប និង១០ភាគរយលើអាលុយមីញ៉ូម ដែលសហរដ្ឋអាមេរិកនំាចូលពីបណ្ដាប្រទេសដទៃ ក្នុងនោះរួមមានទាំងសហភាពអឺរ៉ុបផងដែរ៕