(កាប៊ុល)៖ អ្នកនាំពាក្យ​យោធា​អាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រនេះ​បាន​និយាយថា ក្រុមសកម្ម​ប្រយុទ្ធច្រើន​ជាង ៩០នាក់​របស់ក្រុម ISIS ​និង​ក្រុមតាលីបង់​បានស្លាប់នៅ​ក្នុងការវាយប្រយុទ្ធគ្នា​ ដ៏សាហាវមួយ​រវាងក្រុមទាំងពីរ​នៅក្នុងខេត្ត ចសហ្សាន (Jawzjan) ស្ថិតនៅ​ភាគខាងជើង​ប្រទេស​អាហ្វហ្កានីស្ថាន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងប្រាប់​ស៊ីនហួរ អ្នកនាំពាក្យយោធា​អាហ្វហ្កានីស្ថាន លោក ម៉ូហាំម៉េដ ហានីហ្វ រ៉េហ្សៃ (Mohammad Hanif Rezai) បានបញ្ជាក់​ដូច្នេះថា «ក្រុមសកម្ម ប្រយុទ្ធច្រើន​ជាង ៩០នាក់​មកពីក្រុម ISIS និងក្រុមតាលីបង់​ត្រូវបានសម្លាប់​នៅក្នុងការវាយប្រយុទ្ធ​គ្នា ​រវាងក្រុមទាំងពីរ​នៅឯស្រុក​គូសទីផា (Qush Tipa នៃខេត្ត Jawzjan កាលពី​ថ្ងៃព្រហស្បតិ៍ ហើយមកទល់​នឹងពេលនេះ​ការវាយប្រយុទ្ធគ្នា នៅតែបន្តកើតមាន​នៅឡើយ»។

គួរបញ្ជាក់ថា បើតាម​លោក Hanif Rezai ក្រុមសកម្ម​ប្រយុទ្ធ ISIS ប្រមាណ ៤៣នាក់ ក្នុងនោះរួមមានទាំង​ក្រុមអ្នកប្រយុទ្ធ​បរទេសមួយ​ចំនួន​បានស្លាប់ និង ៣២នាក់ផ្សេងទៀត​ត្រូវបានក្រុមតាលីបង់​ចាប់ខ្លួន៕