(តូក្យូ)៖ ខណៈទឹកជំនន់ស្រកចុះ និងអាកាសធាតុចាប់ផ្តើមប្រសើរឡើងវិញ ក្រោយពី​រយៈពេលមួយសប្តាហ៍ នៃគ្រោះទឹកជំនន់ដ៏មហាប្រល័យ នៅតាមបណ្តាខេត្តភាគ​ខាងលិច​ប្រទេសជប៉ុននោះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានប្តេជ្ញាធរថា នឹងបង្កើន​ថវិកាជំនួយ​សម្រាប់ស្រោចស្រង់​តំបន់រងគ្រោះ​ទាំងអស់​ឡើងវិញ ខណៈ​ចំនួនមនុស្សស្លាប់​គិតត្រឹមល្ងាច​ថ្ងៃសុក្រនេះ​គឺជាង ២០០នាក់ និងរាប់សិបនាក់​ទៀតបន្ត​បាត់ខ្លួន។ នេះបើ​តាម​ការចេញផ្សាយ​ដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

សម្រាប់ជំនួយ​ដែលមានស្រាប់ទៅហើយ ដែលត្រូវបានបញ្ចេញ​ដោយរដ្ឋាភិបាលនោះ គឺតែ​ប្រមាណ ២ពាន់លានយេន ឬស្មើនឹង ១៨លានដុល្លារ​អាមេរិកប៉ុណ្ណោះ ប៉ុន្តែការ​ខូចខាតជារួមនោះគឺត្រូវបានរដ្ឋាភិបាល​ជប៉ុនព្យាករណ៍ថា ធំធេងជាងនេះ​ឆ្ងាយជាទីបំផុត ដែលតម្រូវឲ្យមាន​ថវិកាជំនួយបន្ថែម​ត្រូវអនុម័តជាចាំបាច់ ដើម្បីទ្រទ្រង់​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​​ជារួមឡើងវិញ ដែលអាចត្រូវចំណាយពេលចាប់ពី ១ឆ្នាំឡើងទៅ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ជប៉ុនលើកទី ៥ នៅ​ថ្ងៃសុក្រនេះ រដ្ឋាភិបាល​ជប៉ុន​ដឹកនាំដោយលោក អាបេ បានប្តេជ្ញាថានឹងសម្រេច​ឲ្យបាននូវថវិកា​ជំនួយក្នុងគ្រាអាសន្ន​រហូតដល់ ៣៥ពាន់លានយេន ឬស្មើនឹង ៣១១លាន​ដុល្លារអាមេរិក ទៅឲ្យតំបន់​ចំនួន ៥៨ ដែលរងគ្រោះ​ដោយទឹកជំនន់​ធ្ងន់ធ្ងរ។ ដោយឡែក​ប្រតិបត្តិការស្វែងរក​មនុស្សបាត់ខ្លួន ក៏នៅតែ​បន្តផងដែរ៕