(ដាម៉ាស់)៖ មនុស្សយ៉ាងតិច ៣០នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិកនៅខេត្ត ឌែរអាល់ហ្សួរ (Deir al-Zour) ភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
ប្រតិបត្តិការទម្លាក់គ្រាប់បែកខាងលើ ត្រូវបានធ្វើឡើងទៅលើតំបន់មានមនុស្សរស់នៅ ក្នុងទីក្រុងបាកហួរ ហ្វូកានី (Baghour Foqani) និងក្រុងសួសេហ៍ (Souseh) នៅច្រាំងខាងកើតនៃដងទន្លេ អឺប្រាតស៍ (Euphrates) ក្បែរទីក្រុង Al-Bukamal ក្នុងតំបន់ Deir al-Zour ភាគខាងកើត។ ជាមួយគ្នានេះចំនួនមនុស្សស្លាប់ ក៏ត្រូវគេព្យាករណ៍ថា នឹងកើនឡើងថែមទៀតផងដែរ ខណៈអ្នករបួសជាច្រើន កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
គួរជម្រាបថា លំនៅឋានជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរ នៅតាមទីក្រុងទាំងប៉ុន្មានខាងលើ ខណៈកងកម្លាំងចំរុះដែលដឹកនាំដោយអាមេរិក ត្រូវគេចោទថា បានវាយប្រហារទៅលើទីក្រុងទាំងនោះ ដើម្បីជាការពិន័យចំពោះប្រជាជនក្នុងតំបន់ ដែលបានរារាំងឲ្យបើកផ្លូវចូលឲ្យក្រុមឧទ្ទាមស៊ីរី SDF ដែលមានអាមេរិកជាខ្នងបង្អែក។ ក្រុមទីក្រុងខាងលើនេះ ស្ថិតនៅក្នុងតំបន់មួយក្តាប់តួច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធ ISIS នៅភាគខាងកើតខេត្ត Deir al-Zour៕