(ប៉េកាំង)៖ យន្ដហោះ C919 គ្រឿងទី២របស់ចិន បានឈានចូលដំណាក់កាលថ្មី ជាមួយការធ្វើតេស្ដហោះហើរ នៅតាមទីតំាងជាច្រើននៅទូទាំងប្រទេស ដែលជាការធ្វើតេស្តហោះហើររយៈចម្ងាយឆ្ងាយខុសពីមុន។ នេះបើតាមក្រុមហ៊ុន Commercial Aircraft Corp. of China (COMAC) ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម COMAC យន្ដហោះ C919 លេខ ១០២ បានចុះចតនៅឯអាកាសយានដ្ឋាន ដុងយីង សេងលី (Dongying Shengli) ក្នុងខេត្តសានទុង (Shandong) នៃភាគខាងកើតប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីធ្វើតេស្ដហោះហើររយៈចំងាយឆ្ងាយ ជាលើកដំបូងចេញពីទីក្រុងសៀងហៃ។ COMAC បន្ថែមថា មុនការធ្វើតេស្ដហោះហើរនេះ C919 បានបញ្ចប់ការធ្វើតេស្ដប្រកបដោយជោគជ័យជាច្រើន ដើម្បីត្រៀមខ្លួនសម្រាប់បេសកកម្មនៅពេលខាងមុខ។
គួររំលឹកថា យន្ដហោះ C919 ទី១របស់ចិន ក៏ធ្លាប់បានឆ្លងកាត់ការធ្វើតេស្ដហោះហើរដោយជោគជ័យផងដែរ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅឯអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong។ អំឡុងនៃការធ្វើតេស្តនេះ ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិក៏បានកក់ទិញយន្តហោះប្រភេទនេះ រាប់រយគ្រឿងរួចទៅហើយដែរ៕