(ស៊ីដនី)៖ អាជ្ញាធរនៃរដ្ឋឃ្វីនស៍លែន (Queensland) នៃប្រទេសអូស្រ្តាលីបានឲ្យដឹងថា ឧបករណ៍ដ្រូននឹងត្រូវប្រើប្រាស់នាឆាប់ៗខាងមុខ ក្នុងការតាមដាននិងរាយការណ៍ ការចល័តរបស់សត្វក្រពើ ដើម្បីបង្ការគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមឆ្មាំសង្រ្គោះជីវិតនៅតំបន់ភាគខាងជើងរដ្ឋ Queensland នឹងប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីឃ្លាំមើលសកម្មភាពរបស់សត្វក្រពើ នៅតាមទីកន្លែងនានា ដែលមានមនុស្សហែលទឹកកម្សាន្តច្រើន ហើយវិធីសាស្រ្តនេះត្រូវគេអះអាងថា បានបង្ហាញពីប្រសិទ្ធភាពរួចមកហើយនាពេលកន្លងមក តាមរយៈការប្រើប្រាស់នឹងលើសត្វត្រីឆ្លាម។
សម្រាប់ជំហានមួយផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារដោយសត្វក្រពើ គឺការធ្វើអង្កេតរយៈពេល០៣ឆ្នាំ ទៅលើចំនួនសត្វនេះ ដោយលទ្ធផលបឋមនៃមួយឆ្នាំដំបូងបានបង្ហាញថា ក្នុងគន្លាតមួយគីឡូម៉ែត្រ នៅរដ្ឋ Queensland មានវត្តមានសត្វក្រពើចំនួនត្រឹមមួយក្បាល ធៀបនឹងរដ្ឋដែលនៅជាប់គ្នា Northern Territory ដែលមានពី០៥ក្បាល ទៅ១០ក្បាល ក្នុងគម្លាតមួយគីឡូម៉ែត្រ។
គួរជម្រាបថា អំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ករណីមានមនុស្សស្លាប់ដោយសារសត្វក្រពើបានកើតមានឡើងចំនួន០៦ករណី នៅរដ្ឋ Queensland៕