(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយមួយសម្រាប់វិបត្តិនៅស៊ីរី ដោយគ្មានឡើយដំណោះស្រាយយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Guterres បានកត់សម្គាល់យ៉ាងដូច្នេះថា «UN គិតថា គ្មានឡើយដំណោះស្រាយយោធា។ ពោលគឺមានតែដំណោះស្រាយនយោបាយតែប៉ុណ្ណោះ ដែលអាចធានាអនាគត ការស្ដារប្រទេសជាតិ ប្រជាធិបតេយ្យឡើងវិញសម្រាប់ប្រជាជនស៊ីរី»។
គួរបញ្ជាក់ថា បើតាមលោក Antonio Guterres អង្គការសហប្រជាជាតិនៅតែបន្តប្ដេជ្ញាចិត្តគាំទ្រដល់កិច្ចសន្ទនាទីក្រុងហ្សឺណែវ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ស្របទៅតាមដំណោះស្រាយលេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលជាផ្លូវ មួយឆ្ពោះទៅរកការផ្សះផ្សានយោបាយរវាងភាគីជម្លោះនៅស៊ីរី៕