(សេអ៊ូល)៖ ក្រុមមន្រ្តីកូរ៉េខាងជើងហាក់ដូចជាបានលក់មុខ ប្រតិភូមកពីសហរដ្ឋអាមេរិក តាមរយៈការមិនបង្ហាញខ្លួននៅក្នុងជំនួបពិភាក្សាមួយ ដែលត្រូវបានគ្រោងឡើងជាមុនដោយត្រឹមត្រូវ ដើម្បីពិភាក្សាពីការប្រគល់អដិ្ឋធាតុទាហានអាមេរិក ដែលបានស្លាប់ចោលឆ្អឹងនៅសម័យសង្រ្គាមកូរ៉េកាលពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ទៅកាន់មាតុប្រទេសវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
ទោះជាបែបនេះក្តី កិច្ចប្រជុំខាងលើត្រូវបានលើកទៅធ្វើឡើងនៅថ្ងៃអាទិត្យខាងមុខវិញ ប៉ុន្តែកាលបរិច្ឆេទថ្មីនេះ ពុំត្រូវបានបង្ហើបឲ្យដឹងនោះឡើយ រហូតទាល់តែក្រោយពីក្រុមមន្រ្តីអាមេរិកបានចំណាយពេលអង្គុយរង់ចាំ អស់មួយសន្ទុះធំទៅហើយ នៅឯតំបន់ព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
បើតាមប្រភពដែលដឹងលឺពីបញ្ហានេះបានឲ្យដឹងថា ក្រោយពីការហៅទូរស័ព្ទទៅសួរនាំភាគីកូរ៉េខាងជើង ក្រុមមន្រ្តីអាមេរិកត្រូវបានជូនដំណឹងថា កិច្ចពិភាក្សាត្រូវធ្វើការកែសម្រួល ដោយកូរ៉េខាងជើង ហាក់ចង់ឲ្យមានវត្តមានរបស់មេបញ្ជាការយោធាអាមេរិកនៅឯតុប្រជុំដើម្បីពន្លឿននីតិវិធីនៃការប្រគល់អដ្ឋិធាតុទ័ពអាមេរិក។
គួរជម្រាបថា បញ្ហានៃការប្រគល់ធាតុទាហានអាមេរិក ពីកូរ៉េខាងជើងទៅសហរដ្ឋអាមេរិកវិញនោះ គឺជាបញ្ហាដ៏អូសបន្លាយមួយ រវាងប្រទេសទាំងពីរចាប់តាំងតែពីសង្រ្គាមកូរ៉េបានបញ្ចប់ទៅ ដោយបទឈប់បាញ់ កាលពីឆ្នាំ១៩៥៣។ បើតាមក្រសួងការពារជាតិអាមេរិក កងទ័ពអាមេរិកជិត ៨,០០០នាក់ ដែលបានចូលរួមក្នុងសមរភូមិនៃសង្រ្គាម មិនទាន់ត្រូវបានប្រគល់មកប្រទេសកំណើតវិញឡើយ។
កិច្ចចរចាអំពីបញ្ហាខាងលើឡើងវិញនេះ បានលេចឡើងជាប្រធានបទក្តៅឡើងវិញ បន្ទាប់ពីវាបានក្លាយជាចំណុចមួយ ក្នុងចំណោមគោលដៅទាំងធំៗទាំង០៤ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯកិច្ចប្រជុំជាប្រវត្តិសាស្រ្តក្នុងប្រទេសសិង្ហបុរីរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី១២ ខែមិថុនា៕