(ញូយ៉ក)៖ សារមន្ទីរនៃទីក្រុងញូយ៉ក «ជឿ ឬ មិនជឿ» បានដាក់តាំងបង្ហាញក្រចកដៃខាងឆ្វេងរបស់លោក ស្រ៊ីដា ឈីលឡាល់ (Shridhar Chillal) ដែលបានជាប់ក្នុងកំណត់ត្រាពិភពលោក Guinness World Record ជាអ្នកមានក្រចកដុះលើដៃវែងជាងគេបង្អស់លើលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
លោក Chillal វ័យ ៨២ឆ្នាំ ទីបំផុតនាពេលថ្មីៗនេះបានប្រគល់ក្រចកដៃរបស់ខ្លួនទៅឲ្យ Ripley's Beilive It or Not ក្រោយពីបានបណ្តុះពួកវាអស់រយៈពេល ៦៦ឆ្នាំ កន្លងមក។ ក្រចកដៃនេះមានប្រវែបសរុបបញ្ចូលគ្នា ៩០៩.៦សង់ទីម៉ែត្រ (ជិត១០ម៉ែត្រ) ដោយក្នុងនោះក្រចកដៃមេគឺវែងជាងគេ មានប្រវែងរហូតដល់ទៅ ១៩៧.៨សង់ទីម៉ែត្រ (ជិត២ម៉ែត្រ)។
គួរជម្រាបថា លោក Chillal បានឈប់កាត់ក្រចកដៃឆ្វេងរបស់លោក កាលពីឆ្នាំ១៩៥២ ក្រោយពីគ្រូបង្រៀនម្នាក់បានស្តីបន្ទោសដាក់រូបលោក ដោយសារតែការប្រឡែងលេងជាមួយមិត្តភក្តិ ហើយបានធ្វើឲ្យបាក់ក្រចកដៃរបស់គ្រូដោយអចេតនា។ គ្រូបង្រៀនម្នាក់នោះបាននិយាយថា លោក Chillal នឹងគ្មានថ្ងៃយល់ពីកម្រិតនៃការយកចិត្តទុកដាក់ និងថែទាំនៃក្រចកដៃវែងនោះឡើយ៕