អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif កំពុងត្រឡប់មកប្រទេសវិញ ដើម្បីប្រឈមមុខទោសជាប់ពន្ធនាគារ១០ឆ្នាំ! (Video inside)
13-07-2018 11:01
(អ៊ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវ៉ាហ្វ ហ្សារីហ្វ (Nawaz Sharif) កំពុងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសប៉ាគីស្ថានវិញហើយ បើទោះជាលោកត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ១០ឆ្នាំ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
លោក Sharif និងកូនស្រីរបស់លោកឈ្មោះ ម៉ាយ៉ាម (Maryam) កំពុងប្រឈមនឹងការចាប់ខ្លួន នៅពេលដែលអ្នកទាំងពីរចាកចេញពីទីក្រុង ឡុងដ៍ប្រទេសអង់គ្លេស ទៅដល់ទីក្រុងឡាហ័រ (Lahore) នៅថ្ងៃសុក្រនេះ។ លោក Sharif ត្រូវសភាបណ្ដេញចេញពីតំណែងកាលពីឆ្នាំ ២០១៧ បន្ទាប់ពីមានការស៊ើបអង្កេតមួយ លើសំណុំរឿងអាស្រូវពុករលួយ ហើយលោកត្រូវបានតុលាការកាត់ទោសកំបាំងមុខ កាលពីសប្ដាហ៍មុនដាក់ពន្ធនាគារ ១០ឆ្នាំ។
គួរបញ្ជាក់ថា លោក Nawaz Sharif បានច្រានចោលរាល់ការចោទប្រកាន់ ហើយថាការកាត់ទោសរូបលោក គឺជាចេតនានយោបាយចង់បង្កឧបសគ្គដល់គណបក្សរបស់លោក ក្នុងការបោះឆ្នោតនៅថ្ងៃទី២៥ ខែកក្កដានេះ។ លោក Sharif បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «បើទោះជាខ្ញុំកំពុងមើលឃើញរនាំងដែកក្នុងគុក នៅចំពោះមុខខ្ញុំក៏ដោយ ក៏ខ្ញុំត្រូវតែត្រឡប់ទៅកាន់ប៉ាគីស្ថាន»។
កាលពីសប្តាហ៍មុននេះ លោក Sharif ក៏ធ្លាប់បានថ្លែងពីអង់គ្លេសមកដែរ លោកមិនខ្លាចនឹងប្រឈមមុខចំពោះតុលាការប៉ាគីស្ថានឡើយ ប៉ុន្តែលោកចង់នៅមើលថែទាំជំងឺរបស់ភរិយាលោកឲ្យបានធូរស្រាលសិន ខណៈភរិយាលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុងឡុងដ៍នៅឡើយ៕