(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេមើលឃើញថា បានបង្ហាញចរិកជាមេជើងកាងរបស់លោក តាមរយៈការទទូច និងទាមទារឲ្យសម្ព័ន្ធមិត្ត NATO ចាយលុយឲ្យកាន់តែច្រើនថែមទៀតទៅក្នុងអង្គការនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានមកដល់ទីក្រុងឡុងដ៍នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលរួមមានការជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ព្រមទាំងការចូលគាល់ម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត ទីពីរ។ មុនពេលមកដល់ចក្រភពអង់គ្លេស លោក ត្រាំ បានឲ្យដឹងថា លោកមិនខ្វល់ពីការធ្វើបាតុកម្មប្រឆាំងរូបលោកនៅទីនេះឡើយ និងបាននិយាយថែមទៀតថា តាមពិតរូបលោកមានប្រជាប្រិយទៅវិញទេនៅក្នុងចំណោមមហាជនអង់គ្លេស ដោយសារតែគោលជំហរលើបញ្ហាអន្តោប្រវេសន៍របស់ខ្លួន។
អតីតសមាជិកសភាអង់គ្លេស និងជាសកម្មជនមិនគាំទ្រសង្រ្គាមលោក ចច ហ្គាល់ឡូវេ (George Galloway) បានលើកឡើងយ៉ាងដូច្នេះថា «លោក ដូណាល់ ត្រាំ បានមកកាន់អឺរ៉ុបដោយធ្វើចរិកដូចជាមេបងធំ ដោយទាមទារអ្នករាល់គ្នាឲ្យបង្កើនកញ្ចប់ថវិកាយោធារបស់ពួកគេ... និយាយរួមទៅ គឺបានប្រព្រឹត្តខ្លួនដូចជើងកាង»។
គួរជម្រាបថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅអង់គ្លេស លោក ត្រាំ និងភរិយា នឹងបន្តដំណើរឆ្ពោះទៅកាន់ស្តុតឡែននាចុងសប្តាហ៍នេះ ហើយនៅទីនោះ ដូចជានៅអង់គ្លេសដែរ និងមានការធ្វើបាតុកម្មត្រៀមស្វាគមន៍រូបលោក៕