(ចិន)៖ កិច្ចសហការជាច្រើនផ្នែក រវាងប្រទេសជាច្រើន ដែលចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ បានធ្វើឲ្យចិនមានចំនួនសិស្ស ដែលមកពីបណ្តាប្រទេសទាំងនោះ មកសិក្សានៅប្រទេសចិនកាន់តែច្រើននាក់។

កាលពីឆ្នាំ២០១៧ ចំនួនសិស្សដែលមកពីប្រទេស ដែលស្ថិតក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ មានចំនួន៣១៧,០០០នាក់ ពោលគឺស្មើនឹងជិត៦៥% នៃចំនួនសិស្សអន្តរជាតិ ក្នុងប្រទេសចិន។

ជាឧទាហរណ៍សាកលវិទ្យាល័យ ហូហៃ ក្នុងខេត្តជាំងស៊ូ មានសិស្សអន្តរជាតិជាង ៤៥០០នាក់បានដាក់ពាក្យសុំចូលរៀន ក្នុងឆ្នាំ២០១៨។ ពោលគឺ ច្រើនជាងមុនស្ទើរតែទ្វេដង បើធៀបនឹងឆ្នាំ២០១៧។ ហើយពាក់កណ្តាលនៃសិស្ស ដែលបានដាក់ពាក្យនោះ គឺជាសិស្សដែលមកពីបណ្តាប្រទេស ដែលស្ថិតនៅតាមបណ្តោយគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។

លោក ចាង ហៃជន នាយកដឺប៉ាតេម៉ង់សិស្សអន្តរជាតិ នៅសាកលវិទ្យាល័យហូហៃ បាននិយាយថា «នៅពេលពួកយើងផ្តល់អាហាររូបករណ៍ ពួកយើងផ្តល់សិទ្ធអាទិភាព ដល់សិស្សដែលមកពីប្រទេសក្នុងគម្រោងខ្សែក្រវ៉ាតមួយ ផ្លូវមួយមុនគេ។ យើងមានកម្មវិធីសិក្សាខ្លះៗ ដែលតម្រូវសម្រាប់សិស្ស ដែលមកពីប្រទេសទាំងនេះតែម្តង ដូចជាថ្នាក់ក្រោយឧត្តមសិក្សាផ្នែកវិស្វកម្មបរិស្ថាន សម្រាប់គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយជាដើម»

គោលនយោបាយទាំងនេះ បានទាក់ទាញសិស្សជាច្រើនមកពីប្រទេសទាំងនេះ ព្រមទាំងបានលើកស្ទួយកាន់តែខ្លាំង ដល់ការដោះដូរនិស្សិតលើមុខវិជ្ជាផ្សេងៗ រវាងប្រទេសចិន និងប្រទេសទាំងនោះផងដែរ។

លោក នីហ្សា ហ្វៃសាល អាល់កាយ៉ីម និស្សិតថា្នក់បណ្ឌិតនៃសាកលវិទ្យាល័យហូហៃ និយាយថា «ពួកយើងត្រូវការការសហការ រវាងរាល់ក្រុមហ៊ុនចិន រដ្ឋាភិបាលចិន និងរដ្ឋាភិបាលប្រទេសផ្សេងៗទៀត សម្រាប់ដំណើរការនៃការកសាងឡើងវិញនេះ។ ខ្ញុំចង់ធ្វើជាស្ពានរវាងប្រទេសចិន និងប្រទេសរបស់ខ្ញុំ ដើម្បីពង្រឹងកិច្ចសហការនិងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ»

សាកលវិទ្យាល័យប៉េកាំងជែវតុង បានរៀបចំពិធីបើកវគ្គសិក្សាថ្មី សម្រាប់សិស្សអន្តរជាតិមកពី៤០ប្រទេស ដែលស្ថិតនៅតាមបណ្តោយគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ហើយនិស្សិតដែលបញ្ចក់ការសិក្សា បានចូលរួមចែករំលែកបទពិសោធន៍របស់ខ្លួន អំពីការដោះដូរនិស្សិត រវាងប្រទេសចិននិងបណ្តាប្រទេសទាំងនេះ។

អ្នកនាង លាវ យ៉ានឈីង ប្រធានមជ្ឈមណ្ឌលដោះដូរនិស្សិតអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំងជែវតុង បាននិយាយថា «និស្សិតដែលបញ្ចប់ការសិក្សាពីសាលាយើងទៅ បានបំពេញការងារបានយ៉ាងល្អបន្ទាប់ពីត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។ ពួកគេយល់ពីប្រទេសចិន ហើយពួកគេក៏ចេះភាសាចិនទៀត។ ដូច្នេះ ពួកគេអាចចូលរួមក្នុងការដោះដូរនិស្សិតរវាងប្រទេសចិននិងប្រទេសរបស់ពួកគេបាន»៕ (សារព័ត៌មាន CCTV របស់ចិន)