(ឥណ្ឌា)៖ ក្រុមហ៊ុនផលិតទូរស័ព្ទចិន ស៊ែវមី (Xiaomi) បានពង្រីកមុខជំនួញរបស់ខ្លួនយ៉ាងខ្លាំងក្លា ដោយកាន់កាប់ជាង៣០ភាគរយនៃចំណែកទីផ្សារទូរស័ព្ទឆ្លាតវៃ នៅក្នុងប្រទេសឥណ្ឌា។
ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ ក្រុមហ៊ុនចិនមួយនេះ បានលក់ទូរស័ព្ទស្មាតហ្វូនបានជាង៩លានគ្រឿងទៅហើយ។ ក្រុមហ៊ុនស៊ែវមី បានធ្វើដំណើរឆ្ងាយណាស់ ទម្រាំវិវឌ្ឍខ្លួនពីការដែលមានមុខត្រឹមតែនៅលើប្រព័ន្ធអនឡាញ រហូតដល់មានលទ្ធភាពជំរុញការលក់បាន។ បច្ចុប្បន្នផលិតផលរបស់ក្រុមហ៊ុន ស៊ែវមី មានដាក់លក់នៅតាមហាង មី ហូម (Mi Home) ចំនួន៣៦កន្លែងនៅទូទាំងប្រទេសឥណ្ឌា។
លោក ហ្ស៊ីសាន បានទិញទូរស័ព្ទម៉ាក មី (Mi) ដំបូងបង្អស់របស់គាត់នៅឯហាងលក់ទូរស័ព្ទ។ លោកគិតថា គុណសម្បតិ្តរបស់ទូរស័ព្ទនេះ គឺសាកសមនឹងតម្លៃរបស់វា។
លោក ហ្ស៊ីសាន និយាយថា «ចាប់តាំងពីពេលដែលក្រុមហ៊ុនសម្ពោធទូរស័ព្ទសេរ៊ី Mi-3 មក ខ្ញុំបានក្លាយជាអតិថិជនដ៏ស្មោះស្ម័គ្រ របស់ក្រុមហ៊ុននេះទៅហើយ។ ខ្ញុំគឺជាអ្នកគាំទ្រផលិតផលនេះ ទាំងផ្នែក Hardware និង Software។ លើសពីនេះ សេវាក្រោយពេលលក់របស់ក្រុមហ៊ុន ក៏គួរឱ្យសរសើរដែរ»។
ហាង មី ហូម ទាំងអស់ បានក្លាយជាកន្លែងមួយដែលមានមនុស្សជាច្រើន ទៅសាកល្បងផលិតផលទូរស័ព្ទថ្មីៗ ដែលទើបនឹងដាក់លក់។
អតិថិជនម្នាក់បាននិយាយថា «បើធៀបទៅនឹងផលិតផលក្រុមហ៊ុន Apple ទូរស័ព្ទនេះមានប៊ូតុងចុចស្រដៀងគ្នាដែរ ហើយវាស្រួលប្រើមែន។ រូបរាង ក៏គួរឲ្យចាប់អារម្មណ៍ដែរ ដូច្នេះខ្ញុំក៏សម្រេចចិត្តថាចង់សាកប្រើវាម្តង»។
ដើម្បីបំពេញតាមតម្រូវការ ក្រុមហ៊ុន ស៊ែវមី ផលិតទូរស័ព្ទឆ្លាតវៃរបស់ខ្លួននៅឥណ្ឌាផ្ទាល់តែម្តង។ បច្ចុប្បន្ន ជាង៩៥ភាគរយនៃទូរស័ព្ទស៊ែវមី ដែលលក់នៅឥណ្ឌា ត្រូវបានផលិតនៅឥណ្ឌា។
ការផលិតនៅឥណ្ឌាផ្ទាល់ដូច្នេះ ក៏បានជួយឱ្យក្រុមហ៊ុន មិនចាំបាច់ចំណាយលើពន្ធនាំចូល និងថ្លៃដឹកជញ្ជូនផងដែរ។ ដោយសារតែការចំណាយតិចជាងមុន ក្រុមហ៊ុនស៊ែវមី ក៏អាចបញ្ចុះតម្លៃលក់រាយ នៃផលិតផលរបស់ខ្លួនបាន ដែលធ្វើឲ្យក្រុមហ៊ុននេះ មានប្រៀបជាងគូប្រជែងឯទៀត ដែលត្រូវនាំចូលទូរស័ព្ទរបស់គេ មកលក់នៅឥណ្ឌា។ សូមបញ្ជាក់ថា ប្រទេសឥណ្ឌាមានតម្រូវការទូរស័ព្ទខ្ពស់ ប៉ុន្តែប្រាក់ចំនូលប្រជាជន នៅមានកម្រិតទាបនៅឡើយ។
លោក វីក្រាន់ បាតវ៉ា អ្នកលក់ទូរស័ព្ទនិយាយថា «តម្លៃថោក មានមុខងារច្រើន។ សព្វថ្ងៃ អតិថិជនជាច្រើន ចង់បានទូរសព្ទណាដែលមានគ្រប់មុខងារទាំងអស់និងមានបង្គុំកម្មវិធីល្អបំផុត»៕ (សារព័ត៌មាន CCTV របស់ចិន)