ដូណាល់ ត្រាំ៖ ផែនការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប សម្លាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក! (Video inside)
13-07-2018 09:34
(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ចក្រភពអង់គ្លេសនឹងមិនអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកឡើយ បើសិនជាផែនការ Brexit (ការចាកចេញពីសហភាពអឺរ៉ុប) របស់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) នៅតែដំណើរការទៅមុខតាមគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ថ្លែងបែបនេះនៅបទសម្ភាសន៍ ជាមួយសារព័ត៌មានអង់គ្លេស The Sun នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោក ត្រាំ ថែមទាំងបានបញ្ជាក់ថា ផែនការ Brexit របស់លោកស្រី ម៉ាយ អាចនឹងសម្លាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដ្បិតដោយសារតែផែនការនេះ សហរដ្ឋអាមេរិកអាចនឹងដោះស្រាយបញ្ហា ឬចុះកិច្ចព្រមព្រៀងណាមួយនឹងសហភាពអឺរ៉ុបជំនួសអង់គ្លេស។
ក៏ប៉ុន្តែលោកស្រី ម៉ាយ ធ្លាប់បានអះអាងថា ទោះបីជាមន្ត្រីធំៗដូចជារដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក បូរីស ចនសុន ចុះចេញពីតំណែងក៏ដោយ ក៏ដំណើរការដកអង់គ្លេសចេញពីអឺរ៉ុបនៅតែបន្តទៅមុខ ពីព្រោះលោកស្រីយល់ថា វាគឺជាឱកាសមួយក្នុងការ បង្កើតកំណើនសេដ្ឋកិច្ចរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប៕