(ព្រុចសែល)៖ ថ្ងៃទីមួយនៃកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) បានប្រព្រឹត្តទៅក្រោមភាពតានតឹង និងអាប់អួរជាខ្លាំង ដោយសារតែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាញកាណុងរិះគន់ដោយឥតសម្ចៃមាត់ លើបណ្ដាប្រទេសជាសមាជិក ជាពិសេសគឺអាល្លឺម៉ង់ ជុំវិញការបង់ប្រាក់មិនគ្រប់គ្រាន់តាមការចង់បានរបស់សហរដ្ឋអាមេរិក លើកញ្ចប់ថវិកាការពារនៃអង្គការណាតូតែម្តង។ កិច្ចប្រជុំកំពូលណាតូប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃគឺពីថ្ងៃពុធ ទី១១ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដានេះក្នុងទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក។
១៖ បង់ប្រាក់មិនស្មើភាព និងសម្ព័ន្ធមិត្តមិនទទួលខុសត្រូវ
លោក ដូណាល់ ត្រាំ បានឆ្លៀតយកឱកាសនៅក្នុងកិច្ចប្រជុំអង្គការណាតូ ទាមទារឱ្យបណ្ដាប្រទេសជាសមាជិកទាំងអស់ បង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនទ្វេដង។ ប៉ុន្តែការទាមទារនេះ ទទួលបានការរិះគន់យ៉ាងខ្លាំងពីអាល្លឺម៉ង់ និងដាណឺម៉ាក។ លោក ត្រាំ បានលើកឡើងនៅក្នុងជំនួបជាមួយអគ្គលេខាធិការណាតូ លោក Jens Stoltenberg យ៉ាងដូច្នេះថា «ប្រទេសជាច្រើនមិនបានចំណាយអ្វី ដែលពួកគេគួរត្រូវចំណាយនោះទេ ហើយរហូតដល់មានប្រទេសមិនទទួលខុសត្រូវខ្លះ ជំពាក់លុយយើងទៅទៀត។
ប្រទេសជាសមាជិកណាតូ ត្រូវតែបង់ប្រាក់ឱ្យបានទ្វេដង ពោលគឺមិនមែនត្រឹម ២ ភាគរយនោះទេ តែគឺ៤ភាគរយលើវិស័យការពារជាតិ នៃ GDP របស់ពួកគេ រីឯអាមេរិកវិញគួរត្រូវបង់តិចតួចប៉ុណ្ណោះ»។
២៖ តើអាល្លឺម៉ង់គឺជាចំណាប់ខ្មាំងរបស់រុស្ស៊ី?
ទាំងមុន និងនៅអំឡុងកិច្ចប្រជុំណាតូ លោក ដូណាល់ ត្រាំ បានរិះគន់អាល្លឺម៉ង់ច្រើនជាងគេ ដោយក្រៅតែពីបន្ទោសថា បង់ប្រាក់ មិនគ្រប់លើកញ្ចប់ថវិកាការពាររបស់ណាតូ ប្រធានាធិបតីអាមេរិករូបនេះក៏បានចង្អុលមុខទីក្រុងប៊ែរឡាំងផងដែរថា បានក្លាយជាចំណាប់ខ្មាំងរបស់រុស្ស៊ី។ លោក ត្រាំ ធ្វើការរិះគន់ធ្ងន់ៗបែបនេះ ដោយចង់សំដៅកិច្ចព្រមព្រៀងសាងសង់បណ្តាញផ្គត់ផ្គង់ឧស្ម័ន Nord Stream-2 រវាងរុស្ស៊ី និងអាល្លឺម៉ង់ ដែលទទួលការផ្គត់ផ្គង់ឥន្ធនៈពីរុស្ស៊ីដល់ទៅជាង ៦០ភាគរយ នៃឧស្ម័នធម្មជាតិ។
៣៖ រុស្ស៊ីមិនមែនជាការគំរាមកំហែងជិតនឹងមកដល់ ហើយគ្រីមមៀក៏មិនមែនជាមូលហេតុធ្វើឱ្យរុស្ស៊ីឯកោដែរ?
ខណៈប្រទេសលោកខាងលិចភាគច្រើន ជាពិសេសគឺប្រទេសអឺរ៉ុបខាងកើតដែលមានព្រំដែនក្បែររុស្ស៊ី សុទ្ធតែមើលឃើញថា ការ ពង្រីកឥទ្ធិពលរបស់ទីក្រុងម៉ូស្គូ គឺជាការគំរាមកំហែងដ៏ធំរបស់ពួកគេ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បែរជាអះអាង ទៅវិញថា រុស្ស៊ីមិនមែនជាការគំរាមកំហែងជិតនឹងមកដល់ ចំពោះសម្ព័ន្ធមិត្តនោះឡើយ។ មិនតែប៉ុណ្ណោះ លោកក៏បានកត់សម្គាល់ដែរថា វិបត្តិនៅតំបន់គ្រីមៀ មិនមែនជាមូលហេតុចម្បងក្នុងការធ្វើឱ្យរុស្ស៊ីឯកោ ឬក៏បញ្ឈប់កិច្ចសន្ទនាជាមួយ រុស្ស៊ីនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធមេដឹកនាំណាតូ បានអញ្ជើញប្រទេសម៉ាសេដូនីជាផ្លូវការ ឱ្យចូលរួមនៅក្នុងកិច្ចពិភាក្សាស្ដីពីសមាជិកភាព។ ប៉ុន្តែទីក្រុងម៉ូស្គូ បានជំទាស់យ៉ាងខ្លាំងនឹងកិច្ចពិភាក្សា ខណៈក្រុមអ្នកជំនាញខ្លះព្យាករណ៍ថាភាពតានតឹងនៅក្នុងតំបន់អឺរ៉ុប នឹងផ្ទុះឡើងជាថ្មី ហើយរុស្ស៊ីនឹងកាន់តែបង្កើនវត្តមានយោធា នៅតំបន់តាមព្រំដែនរបស់ខ្លួនជាប់បណ្តាប្រទេសអឺរ៉ុបដែលជាសមាជិកអង្គការ NATO៕
ប្រភព៖ Russian Today