(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ ដែលបានវាយលុកយ៉ាងចាស់ដៃ ទៅលើភាគខាងលិចប្រទេសជប៉ុននោះ បានកើនដល់ ២០០នាក់គត់ ខណៈបេសកកម្មរុករក និងជួយសង្រ្គោះ នៅតែបន្តពុះពារទៅមុខ ដើម្បីតាមរកមនុស្សជាច្រើននាក់ទៀត ដែលកំពុងបាត់ខ្លួន៕
២៖ នាយករដ្ឋមន្រ្តីអង់គ្លេស ថេរ៉េសា ម៉ាយ (Theresa May) បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងនៅបន្តជាសម្ព័ន្ធមិត្តដ៏រឹងមាំ ជាងគេបំផុតរបស់សហរដ្ឋអាមេរិក ស្របពេលដែលលោកស្រីកំពុងរៀបចំទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕
៣៖ អង្គការ NASA បានឲ្យដឹងថា ខ្លួនមានបំណងចង់ធ្វើតេស្ត កែវយឺតអវកាសជំនាន់ចុងក្រោយបំផុត James Webb ទៅលើភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលជាប្រភេទឧស្ម័នយក្សដូចទៅនឹង Jupiter (ភពព្រហស្បតិ៍) និង Saturn (ភពសៅរ៍) សិន នៅពេលដែលវាត្រូវបានបង្ហោះ មុនឈានដល់ការតាមប្រមាញ់រុករកភពអេលៀន ដែលមានលទ្ធភាពអាចទ្រទ្រង់ជីវិតបាន៕
៤៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានគេរាយការណ៍ថា បានសូមទោសទៅកាន់ព្រះជាម្ចាស់បន្ទាប់ពីបាន សន្យាថា នឹងចុះចេញពីតំណែង បើសិនជាអ្នកកាន់សាសនាគ្រិស្ដណាម្នាក់អាចបង្ហាញថា ព្រះជាម្ចាស់ពិតជាមានប្រាកដមែន៕
៥៖ វត្ថុដែលភ្លឺចែងចាំបំផុតនៅក្នុងចក្រវាឡ ត្រូវបានរកឃើញហើយ ដោយវាគឺជា Quasar មួយមានប្រភពមកតាំងពីពេលដែលចក្រវាឡយើង នៅមានវ័យដ៏ក្មេងខ្ចី គឺត្រឹមតែ ៧ភាគរយ នៃអាយុកាលបច្ចុប្បន្នរបស់វាប៉ុណ្ណោះ៕
៦៖ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក ក្លូស ហាហ្សត ហ្វ្រែឌែរីកសិន (Claus Hjort Frederiksen) បានរិះគន់យ៉ាងខ្លាំងមិន ធ្លាប់មាន ទៅលើអាកប្បកិរិយារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្ត ហើយថែមទាំងបានចាត់ទុកផងដែរថា ស្ទីលដឹកនាំរបស់លោក ត្រាំ គឺជាការដឹកនាំជាមួយភាពភ័យខ្លាច៕