(ប្រទេសថៃ)៖ វាគឺជាដំណឹងដ៏ល្អមួយ បន្ទាប់ពីកុមាររួមទាំងគ្រូបង្វឹកជនជាតិថៃសរុបចំនួន ១៣នាក់ ត្រូវបានសង្គ្រោះចេញពីរូងភ្នំដោយសុវត្ថិភាព តែត្រូវបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដើម្បីធ្វើឱ្យស្ថានភាពសុខភាពមានភាពប្រសើរឡើង។ ខាងក្រោមជាការសរុបព័ត៌មានលម្អិតជុំវិញហេតុការណ៍ខាងលើនេះ៖
* កាលបរិច្ឆេទ៖ ជនរងគ្រោះទាំង ១៣នាក់ បានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ និងត្រូវបានថ្ងៃរកឃើញនាថ្ងៃទីចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨ គឺមានរយៈពេល ០៩ថ្ងៃ បន្ទាប់ពីការបាត់ខ្លួន និងត្រូវបានជួយសង្គ្រោះចេញមកក្រៅទាំងអស់នាថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ មានន័យថា ពួកគេត្រូវជាប់ក្នុងរូងភ្នំសរុបរហូតដល់រយៈពេល ១៨ថ្ងៃ (គិតត្រឹមថ្ងៃដែលជនរងគ្រោះចុងក្រោយត្រូវបានសង្គ្រោះចេញពីរូងភ្នំនាថ្ងៃទី១០ ខែកក្កដា ខណៈប្រតិបត្តិការសង្គ្រោះទាំងអស់ត្រូវប្រើពេលបីថ្ងៃ)។
* ទីកន្លែងកើតហេតុ៖ ក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ បានជាប់គាំងក្នុងល្អាងភ្នំ ថាំងហ្លួង ណាងណុន (Tham Luang Nang Non) ជារូងភ្នំស្ថិតតាមបណ្តោយ នៃបន្ទាត់ព្រំដែនថៃមីយ៉ាន់ម៉ា ភាគជើងនៃខេត្តឈៀងរ៉ៃ (Chiang Rai) របស់ប្រទេសថៃ។ រូងភ្នំមានប្រវែង ១០គីឡូម៉ែត្រ ជារូងភ្នំប្រវែងវែងជាងគេលំដាប់ទី ៤ របស់ប្រទេសថៃ និងមានជម្រៅជ្រៅច្រើនចំនុច ពោរពេញដោយផ្លូវតូចៗ និងផ្លូវរូងក្រោមដី ដែលស្ថិតនៅពីក្រោមថ្មកំបោរកម្រាស់រាប់រយម៉ែត្រ។ សូមជម្រាបថា ជនរងគ្រោះស្ថិតនៅក្នុងរូងភ្នំក្នុងចម្ងាយ ៤គីឡូម៉ែត្រ ពីមាត់រូង។
* មូលហេតុដែលនាំអោយពួកគេជាប់ក្នុងរូងភ្នំ៖ នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៨ ពួកគេមានគម្រោងធ្វើដំណើរទៅកម្សាន្តក្នុងរូងភ្នំ ដើម្បីអបអរសាទរខួបកំណើតរបស់ក្មេងប្រុសម្នាក់ឈ្មោះ Peerapat Sompiangjai។ ជាអកុសល្យបន្ទាប់ពីពួកគេបានចូលទៅក្នុងរូងភ្នំ បែរជាត្រូវជាប់គាំងនៅទីនោះ បន្ទាប់ពីមានភ្លៀងធ្លាក់ភ្លាមៗ និងជាបន្តបន្ទាប់ឥតឈប់ឈរ។
ពួកគេត្រូវបង្ខំចិត្តរុលចូលក្នុងកាន់តែជ្រៅក្នុងរូងភ្នំ ដោយសារតែផ្លូវដែលពួកគេត្រូវចេញមកវិញ ត្រូវបានជនលិចដោយភ្លៀងធ្លាក់ខ្លាំង ដោយសង្ឃឹមថា នឹងរកឃើញច្រកចេញ តែបែរជាត្រូវជាប់គាំងរហូតដល់ ០៩ថ្ងៃ ទើបក្រុមសង្គ្រោះជាជនបរទេសអាចរកឃើញជាលើកដំបូង។ អ្នកអភិរក្សនៃនាយកដ្ឋានឧទ្យានជាតិអភិរក្សសត្វព្រៃ និងរុក្ខជាតិបានជូនដំណឹងដល់ក្រុមអាជ្ញាធរ បន្ទាប់ពីបានឃើញទ្រព្យសម្បត្តិរបស់ពួកគេនៅមាត់រូង។
* ជនរងគ្រោះ៖ ក្មេងជំទង់ ១២នាក់ ស្ថិតនៅក្នុងវ័យចន្លោះពី ១១ឆ្នាំ ទៅ១៦ឆ្នាំ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេអាយុ ២៥ឆ្នាំ ឈ្មោះ Ekapol Chantawong ។ បើតាមប្រវត្តិនៃរូបភាព ដែលទទួលបានអាចបង្ហាញថា ពួកគេធ្លាប់ទៅកាន់ទីនោះ កាលពីចុងឆ្នាំ២០១៦ ផងដែរ។
* ជនរងគ្រោះទាំងនោះមានឈ្មោះ៖
១៖ Chanin Vibulrungruang អាយុ ១១ឆ្នាំ
២៖ Panumas Sangdee អាយុ ១៣ឆ្នាំ
៣៖ Duganpet Promtep អាយុ ១៣ឆ្នាំ
៤៖ Somepong Jaiwong អាយុ ១៣ឆ្នាំ
៥៖ Mongkol Booneiam អាយុ ១៤ឆ្នាំ
៦៖ Nattawut Takamrong អាយុ ១៤ឆ្នាំ
៧៖ Ekarat Wongsukchan អាយុ ១៤ឆ្នាំ
៨៖ Adul Sam-on អាយុ ១៤ឆ្នាំ
៩៖ Prajak Sutham អាយុ ១៥ឆ្នាំ
១០៖ Pipat Pho អាយុ ១៥ឆ្នាំ
១១៖ Pornchai Kamluang អាយុ ១៦ឆ្នាំ
១២៖ Peerapat Sompiangjai អាយុ ១៦ (ឬ១៧ឆ្នាំ) ជាម្ចាស់ខួបកំណើត
១៣៖ Ekapol Chantawong អាយុ ២៥ឆ្នាំ ជាគ្រូបង្វឹក
ពួកគេរងអការៈហេវហត់អស់កម្លាំង ដោយសារតែបានជាប់ខ្លួនក្នុងរូងភ្នំ គ្មានចំណីអាហារ និងរស់នៅក្នុងបរិយាកាសមិនល្អ អស់រយៈកាល ០៩ថ្ងៃ ហើយទោះបីជាក្រុមសង្គ្រោះបានរកឃើញពួកគេក៏ដោយ ក៏ក្រុមសង្គ្រោះត្រូវធ្វើការបំប៉នសុខភាពពួកគេសិន និងហ្វឹកហាត់ពួកគេឲ្យចេះពីវិធីមុជទឹក (ពាក់អាវអុកស៊ីសែន និងបរិក្ខាមុជទឹកនានា) មុនពេលយកចេញពីរូងភ្នំ ថាំហ្លួង។
* ប្រតិបត្តិការសង្គ្រោះ៖ ពួកគេត្រូវបានជួយសង្គ្រោះដោយជោគជ័យនៅក្នុងប្រតិបត្តិការរួមគ្នាដ៏ធំមួយ រវាងរដ្ឋាភិបាលថៃ កងទ័ពថៃ កងនាវាចរថៃ និងក្រុមអ្នកជំនាញអន្ដរជាតិ។ ប្រធានបេសកកម្មជួយសង្គ្រោះគឺលោក Narongsak Osottanakorn ។ ទន្ទឹមនឹងនេះដែរអង្គភាពទ័ពជើងទឹកថៃ ត្រូវបានដឹកនាំដោយឧត្តមនាវីទោ Arpakorn Yuukongkaew ។ ក្មេងប្រុស និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ត្រូវបានរកឃើញដំបូងបង្អស់ ដោយអ្នកមុជទឹកជនជាតិអង់គ្លេស គឺលោក Richard Stanton និង John Volanthen ។
ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រឹងប្រែងដើម្បីឱ្យពួកគេចេញក្រៅ គឺជាការងារដ៏លំបាក និងជាប្រតិបត្តិការថ្នាក់សកលលោក។ ក្នុងប្រតិបត្តិការសង្គ្រោះនេះ មានអ្នកមុជទឹកសរុបចំនួន ៩០នាក់ ក្នុងនោះ ៥០នាក់ គឺជាជនបរទេស។ ជាអកុសល្យអ្នកមុជទឹកជាអតីតទាហានជើងទឹកម្នាក់ ឈ្មោះ សាម៉ាន ហ្គននណាន បានស្លាប់នៅក្នុងរូងភ្នំ ក្នុងអំឡុងពេលបេសកកម្មជួយសង្គ្រោះដ៏គ្រោះថ្នាក់ ដោយសារអស់អុកស៊ីសែន ខណៈកំពុងនៅលើកំណាត់ផ្លូវត្រឡប់ទៅក្រៅវិញ បន្ទាប់ពីលោកព្យាយាមនាំយកធុងអុកស៊ីកសែន ទៅឲ្យជនរងគ្រោះ ដើម្បីធ្វើឱ្យការផ្គត់ផ្គង់ខ្យល់អុកស៊ីសែនដល់ពួកគេនៅក្នុងគុហា ។
នៅព្រឹកថ្ងៃទី0៨ ខែកក្កដា មន្ត្រីថៃបានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលិក មិនចាំបាច់ទាំងអស់ចាកចេញពីមាត់ច្រករូងភ្នំ ដើម្បីសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ។ ក្រុមអ្នកមុជទឹកជួយសង្គ្រោះចំនួន ១៣នាក់ ត្រូវបានបញ្ជូនទៅក្នុងរូងភ្នំ ដើម្បីទាញយកក្មេងប្រុស ដោយអ្នកមុជទឹកពីរនាក់ នឹងអមដំណើរក្មេងប្រុសម្នាក់ចេញពីរូងភ្នំ ដោយម្នាក់នៅពីមុខដើម្បីជួយកាន់ធុងអុកស៊ីសែនរបស់ក្មេងប្រុស និងម្នាក់នៅពីក្រោយ។ ក្មេងប្រុសម្នាក់ៗត្រូវបានបំពាក់ដោយរបាំងមុខពេញលេញ ហើយត្រូវបានជួយដោយកាន់ខ្សែដែលបានតំឡើងដោយអ្នកជួយសង្គ្រោះ។
ប្រតិបត្តិការជួយសង្គ្រោះមនុស្សចេញមកក្រៅ មានរយៈពេលបីថ្ងៃ ដោយថ្ងៃអាទិត្យ ទី០៨ ខែកក្កដា សង្គ្រោះបានកុមារ ០៤នាក់, ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨ សង្គ្រោះកុមារបាន ០៤នាក់ និងថ្ងៃអង្គារ ទី១០ ខែកក្កដា សង្គ្រោះបានកុមារ ០៤នាក់ និងគ្រូម្នាក់។ ក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបានក្រុមសង្រ្គោះយកចេញពីក្នុងរូងភ្នំថាំហ្លួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅវិញទាំងអស់នៅម៉ោង ៦៖២២នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា។
* ផលវិបាកបណ្តាលមកពីប្រតិបត្តិការជួយសង្គ្រោះ៖ អាជ្ញាធរថៃបានឱ្យដឹងថា ផ្ទៃដីស្រែចំការ ១៤,០០០ រ៉ៃ (១រ៉ៃ = ១៦០ ម៉ែតក្រឡា) ជាកម្មសិទ្ធិរបស់កសិករ ១០១នាក់ ស្ថិតនៅជុំវិញរូងភ្នំ ថាំហ្លួង ត្រូវបានទឹកជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកដែលត្រូវបានបូមចេញពីរូងភ្នំ ដើម្បីសង្គ្រោះកុមារទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់។ អគ្គនាយកដ្ឋាននៃក្រសួងកសិកម្មថៃ លោក ស៊ុមឆៃ ឆានណារុងគុល (Somchai Charnnarongkul) ក៏បានអះអាងដែរថា កសិករនៅក្នុងតំបន់ប៉ះពាល់ទាំងបីនេះ អាចនឹងទទួលសំណង ១,១១៣ បាត (១ដុល្លារ = ៣៣បាត) ក្នុងមួយរ៉ៃ ជាមួយសំណងអតិបរមា ៣០ រ៉ៃ ក្នុងមួយគ្រួសារ។
អ្វីដែលកាន់តែសោកស្តាយ គឺអ្នកមុជទឹកអតីតទាហានជើងទឹកម្នាក់ឈ្មោះ សាម៉ាន ហ្គននណាន បានស្លាប់នៅក្នុងរូងភ្នំក្នុងអំឡុងពេលបេសកកម្មជួយសង្គ្រោះដ៏គ្រោះថ្នាក់ ដោយសារអស់អុកស៊ីសែន ខណៈនៅថ្ងៃសង្គ្រោះចុងក្រោយ ឪពុករបស់ជនជាតិអូស្ត្រាលីមួយរូប ដែលត្រូវបានជនជាតិថៃហៅថា វីរៈបុរសសង្គ្រោះមនុស្សទាំង ១៣នាក់ នោះក៏បានទទួលមរណៈភាព ចំថ្ងៃដែលមនុស្សទាំងអស់ត្រូវបានរំដោះចេញពីរូងភ្នំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨៕
បកប្រែ និងសម្រួលដោយ ៖ អ៊ឹត ចណ្ណា