(តូក្យូ)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ ដែលបានវាយលុកយ៉ាងចាស់ដៃ ទៅលើភាគខាងលិចប្រទេសជប៉ុននោះ បានកើនដល់ ២០០នាក់គត់ ខណៈបេសកកម្មរុករក និងជួយសង្រ្គោះ នៅតែបន្តពុះពារទៅមុខ ដើម្បីតាមរកមនុស្សជាច្រើននាក់ទៀត ដែលកំពុងបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមការងារជាង ៧០,០០០នាក់ កំពុងចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះ មនុស្សប្រមាណ ៦០នាក់ ឬអាចច្រើនជាងនេះ ដែលនៅតែបន្តបាត់ខ្លួននៅតាមតំបន់រងការវាយប្រហារ ដោយគ្រោះទឹកជំនន់ និងការអិលបាក់ដី ដោយតំបន់ទាំងនោះ ក៏រួមបញ្ចូលទាំងខេត្តហ៊ីរ៉ូស៊ីម៉ា, អូកាយ៉ាម៉ា, និងអ៊ីហ៊ីមិ ដែលជារងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេផងដែរ។
គួរជម្រាបថា លំនៅឋានប្រមាណ ២៤០,០០០ខ្នង ត្រូវបានកាត់ផ្តាច់ពីបណ្តាញផ្គត់ផ្គង់ទឹកស្អាត នៅភាគខាងលិចប្រទេសជប៉ុន ហើយប្រព័ន្ធដឹកជញ្ជូនក៏បានជួបភាពរាំងស្ទះធ្ងន់ធ្ងរថែមទៀតផង។ មានការព្យាករណ៍ថា ជប៉ុនយ៉ាងហោចណាស់ត្រូវប្រើពេល ១ឆ្នាំ ទើបអាចស្តារការខូចខាតឡើងវិញបាន៕