(អាមេរិក)៖ អង្គការ NASA បានឲ្យដឹងថា ខ្លួនមានបំណងចង់ធ្វើតេស្ត កែវយឺតអវកាសជំនាន់ចុងក្រោយបំផុត James Webb ទៅលើភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលជាប្រភេទឧស្ម័នយក្សដូចទៅនឹង Jupiter (ភពព្រហស្បតិ៍) និង Saturn (ភពសៅរ៍) សិន នៅពេលដែលវាត្រូវបានបង្ហោះ មុនឈានដល់ការតាមប្រមាញ់រុករកភពអេលៀន ដែលមានលទ្ធភាពអាចទ្រទ្រង់ជីវិតបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ BGR នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។ឪ
នៅពេលទីភ្នាក់ងារអវកាសអាមេរិក NASA បាញ់បញ្ជូនកែវយឺត James Webb ដ៏មានអានុភាពរបស់ខ្លួនឡើងទៅកាន់ទីអវកាស វានឹងក្លាយជាទីចាប់ផ្តើមមួយ នៃកិច្ចខិតខំប្រឹងប្រែងមួយ ដែលបានចំណាយពេលវេលាយ៉ាងយូរ និងបានឆ្លងកាត់ឧបសគ្គជាច្រើន ប៉ុន្តែវាក៏ជាការចាប់ផ្តើម នៃឱកាសថ្មីមួយផ្សេងទៀតផងដែរសម្រាប់ក្រុមតារាវិទូ។ តួនាទីចម្បងរបស់ James Webb គឺតាមស្វែងរកភពអេលៀន និងសិក្សាឲ្យបានច្រើនអំពីពួកវា ហើយជាពិសេសនោះគឺតាមប្រមាញ់រុករកភព ដែលអំណោយផល និងសាកសមសម្រាប់ឲ្យមនុស្ស តាំងទីលំនៅជំនួសផែនដីបាន។
យ៉ាងណាមិញ ដូចអ្វីដែល NASA បានបញ្ជាក់ហើយថា ការរៀនប្រើប្រាស់សក្តានុពលរបស់កែវយឺតអវកាសនេះឲ្យបានត្រឹមត្រូវ ពុំមែនជាកិច្ចការងាយៗ ដែលហាត់តែមួយយប់ចេះស្ទាត់នោះឡើយ ហើយវាត្រូវការការហ្វឹកហាត់ និងធ្វើតេស្តឲ្យបានគ្រប់គ្រាន់ នៅមុនពេលវាអាចបង្ហាញអានុភាពពេញលេញរបស់វាបាន។
ដូច្នេះហើយ ដើម្បីជួយអ្នកវិទ្យាសាស្រ្តទទួលបានបទពិសោធន៍ច្បាស់ថា តើឧបករណ៍ដ៏មានឥទ្ធិពលនេះធ្វើការដោយរបៀបណានោះ ពួកគេនឹងប្រើប្រាស់វាទៅសង្កេតមើលគោលដៅធំៗជាមុនសិន ដូចជាភពឧស្ម័នយក្សធំៗ ដែលនៅក្រៅប្រព័ន្ធអាទិត្យ (ស្ថិតនៅប្រព័ន្ធផ្កាយនៅជិតៗយើងជាដើម ដែលមានចម្ងាយរាប់ឆ្នាំពន្លឺឡើងទៅ)។
គួរជម្រាបថា អ្វីដែលសំខាន់នាខណៈនេះនោះ ជាដំបូងគឺ NASA ត្រូវតែបាញ់បង្ហោះ James Webb ឡើងទៅកាន់ទីអវកាសឲ្យបានសិន ពីព្រោះថាគម្រោងដែលចាយលុយយ៉ាងច្រើនសន្ធឹបសន្ធាប់នេះ បានជួបប្រទះឧបសគ្គជាច្រើននាពេលកន្លងទៅ ហើយថ្មីៗនេះ ទើបតែត្រូវបានពន្យាពេលបាញ់បង្ហោះជាថ្មីម្តងទៀត ទៅដល់ឆ្នាំ២០២១៕