(តូក្យូ)៖ បើទោះជាកំពុងទទួលរងការរិះគន់ ដោយសារតែរូបថតមួយសន្លឹក នៅក្នុងពិធីជប់លៀងមួយ ខណៈប្រជាជនជប៉ុនកំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ក៏ដោយ ក៏នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានបំពេញដំណើរទស្សនកិច្ចទៅកាន់តំបន់ រងគ្រោះហើយ ដើម្បីសួរសុខទុក្ខប្រជាជនរងគ្រោះ និងត្រួតពិនិត្យស្ថានភាពជាក់ស្ដែង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
ស្ថិតនៅក្នុងស្ថានការណ៍ដ៏អាក្រក់នេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងមន្ត្រីរដ្ឋាភិបាលរបស់លោក បានធ្វើដំណើរទៅកាន់ខេត្ត អូកាយ៉ាម៉ា (Okayama) ដែលជាតំបន់រងគ្រោះខ្លាំងបំផុតមួយ នៅក្នុងចំណោមបណ្តាខេត្តភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃពុធម្សិលមិញនេះ ហើយលោកនឹងបន្តដំណើរនេះ រហូតដល់ថ្ងៃសុក្រស្អែក ដើម្បីត្រួតពិនិត្យភាពជាក់ស្តែង និងបង្កើនសកម្មភាពជួយសង្គ្រោះប្រជាជន ដែលងាយរងគ្រោះបំផុត។
គួរបញ្ជាក់ថា រហូតមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកកកជំនន់ និងបំណាក់ដីដ៏អាក្រក់បំផុតប្រចាំឆ្នាំ២០១៨នេះ បានបណ្តាលឲ្យជនជាតិជប៉ុនស្លាប់កើនដល់ ១៩៩នាក់ហើយ ខណៈរាប់សិបនាក់ទៀតបន្តបាត់ខ្លួន ដែលអាចកំពុងជាប់ក្រោមគំនរល្បាប់ភក់ និងលំនៅឋានដែលបាក់រលំ។
បន្ថែមពីនេះទៀតក្តីសង្ឃឹមថា មនុស្សកំពុងបាត់ខ្លួនអាចនៅរស់នោះ គឺបានហាក់ដូចជាកាន់តែស្តួចស្តើងហើយបន្ទាប់ពីរយៈ ពេលមួយសប្តាហ៍នៃគ្រោះទឹកជំនន់។ រហូតមកទល់នឹងល្ងាចថ្ងៃពុធ អាជ្ញាធរជប៉ុនបានអះអាងថា ទឹកចាប់ផ្តើមស្រកជាបណ្តើរៗ ខណៈប្រជាជនជាង ១០,០០០នាក់ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្ននៅឡើយ ក្រោយពីក្រុមសង្គ្រោះបានយកពួកគេចេញពីលំនៅឋាន ដែលត្រូវបានទឹកជន់លិចយ៉ាងគំហុក។
ខាងក្រោមនេះគឺជាកម្រងរូបភាពទស្សនកិច្ចរបស់លោក អាបេ ទៅកាន់តំបន់រងគ្រោះ៖