(ហាណូយ)៖ ក្នុងចំណោមមុខវិជ្ជាទាំង ០៦មុខ នៃការប្រឡងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅឯប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅកាលពីចុងខែមិថុនា សិស្សានុសិស្សភាគច្រើន ទទួលបានពិន្ទុទាបបំផុតនៅក្នុងមុខវិជ្ជាប្រវត្តិសាស្រ្ត និងភាសាអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
បើតាមស្ថិតិពីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ជុំវិញការប្រឡងមុខវិជ្ជាប្រវត្តិ សិស្សវៀតណាមរហូតដល់ ៨៣.២៤ភាគរយ ទទួលបានពិន្ទុទាបជាងមធ្យមភាគ ខណៈពិន្ទុដែលពេញនិយមជាងគេ គឺ ៣.២៥ លើពិន្ទុពេញ ១០ ដោយសិស្សចំនួន ៥២៧នាក់ បានពិន្ទុសូន្យតែម្តង ហើយមានតែ ១១នាក់ប៉ុណ្ណោះ ដែលទទួលបាន ១០ពិន្ទុពេញ។ សម្រាប់ភាសាអង់គ្លេសវិញ គឺមានសិស្ស ៧៨.២២ភាគរយបានធ្លាក់ ដោយពិន្ទុភាគច្រើនគឺបានតែ ៣ប៉ុណ្ណោះ ខណៈសិស្ស ៧៣២នាក់បានពិន្ទុសូន្យ និង ៧៦នាក់ ទទួលបាន ១០ពិន្ទុពេញ។
គួរជម្រាបថា ការប្រឡងរយៈពេល ០៣ថ្ងៃ ដែលមានការចូលរួមពីសិស្សានុសិស្សចំនួនជាង ៩០០,០០០នាក់ កាលពីចុងខែមិថុនា គឺមានសារៈសំខាន់ជាងខ្លាំង ដោយសារតែលទ្ធផលប្រឡង ត្រូវយកទៅប្រើប្រាស់សម្រាប់ការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងសម្រាប់ការប្រឡងចូលសិក្សាបន្តនៅសាកលវិទ្យាល័យ។ សម្រាប់អត្រាសិស្ស ដែលបានប្រឡងជាប់នៅទូទាំងប្រទេសគឺ ៩៧.៥៧ភាគរយ។
នៅក្នុងការប្រឡងនេះ សិស្សវៀតណាមបានធ្វើការប្រឡងចំនួន ០៤ ដោយមាន ០៦មុខវិជ្ជា រួមមានអក្សរសាស្រ្ត គណិតវិទ្យា ភាសាបរទេស បូកជាមួយបីមុខទៀត ដែលអាចស្ថិតក្នុងផ្នែកវិទ្យាសាស្រ្តសង្គម ឬក៏វិទ្យាសាស្រ្តពិត៕