(សិង្ហបុរី)៖ អគ្គរដ្ឋទូតចិនប្រទេសសិង្ហបុរី លោក ហុង សៅយ៉ុង (Hong Xiaoyong) បានអះអាងថា ចិនមិនមែនកំពុងគ្រប់គ្រងហើយក៏មិនដែលដាក់មនោគមន៍វិជ្ជា ឬគំរូអភិវឌ្ឍន៍ឱ្យប្រទេសដទៃអនុវត្តន៍តាមនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
លោក Xiaoyong ធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតមន្ត្រីទូតសិង្ហបុរី លោក ប៊ីឡាហារី កូស៊ីខាន់ (Bilahari Kausikan) ដែលនិយាយថា ចិនកំពុងធ្វើប្រតិបត្តិការពង្រីកឥទ្ធិពលរបស់ខ្លួន ទៅលើប្រទេសដទៃ។ «ចិនមិនមែនត្រឹមតែចង់ឱ្យអ្នកអនុវត្តន៍តាម អ្វីដែលពួកគេចង់បាននោះទេ តែពួកគេចង់ឱ្យអ្នកធ្វើអ្វី ដែលពួកគេមិនបានប្រាប់អ្នកជាមុន»។ នេះជាការលើកឡើង របស់លោក Kausikan តាមរយៈសម្រង់សម្ដីដោយសារព័ត៌មាន Straits Times នាពេលថ្មីៗនេះ។
ប៉ុន្តែលោក Xiaoyong បានចាត់ទុកថា ការលើកឡើងបែបនេះគឺជារឿងមិនត្រឹមត្រូវ និងមិនសមហេតុផល។ អគ្គរដ្ឋទូតចិនរូបនេះ បានគូសបញ្ជាក់ទៅវិញយ៉ាងដូច្នេះថា «...ចិនមិនដែលដាក់មនោគមន៍វិជ្ជា ឬគំរូអភិវឌ្ឍន៍ណាមួយ ឱ្យប្រទេសដទៃអនុវត្តន៍តាមនោះទេ ហើយការលើកឡើងរបស់សារព័ត៌មានធំនៅលើពិភពលោក គឺជារឿងមិនពិត ព្រោះសារព័ត៌មានទាំងនោះ ភាគច្រើនត្រូវបានគ្រប់គ្រងដោយលោកខាងលិច»។
គួរបញ្ជាក់ថា បើតាមលោក Bilahari Kausikan ចិនកំពុងដើរតាមយុទ្ធសាស្ត្រចំនួនបី ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនគឺ បញ្ចុះបញ្ចូល ដាក់សម្ពាធ និងបង្ខិតបង្ខំ ប៉ុន្តែរដ្ឋបាលទីក្រុងប៉េកាំង បានធ្វើការច្រានចោល និងគាំទ្រចំពោះភាពរីកចំរើនរបស់ចិន ដែលជាប្រយោជន៍សុទ្ធសាធសម្រាប់បណ្តាប្រទេស ដែលខ្លួនមានទំនាក់ទំនង និងធ្វើពាណិជ្ជកម្មជាមួយ មិនថាស្ថិតនៅតំបន់ណាមួយ នៃពិភពលោកនោះឡើយ៕