Hubble រកឃើញវត្ថុភ្លឺបំផុតនៅក្នុងចក្រវាឡ ដែលស្ថិតនៅចម្ងាយ ១៣ពាន់លានឆ្នាំពន្លឺ...
12-07-2018 11:32
(អាមេរិក)៖ វត្ថុដែលភ្លឺចែងចាំបំផុតនៅក្នុងចក្រវាឡ ត្រូវបានរកឃើញហើយ ដោយវាគឺជា Quasar មួយមានប្រភពមកតាំងពីពេលដែលចក្រវាឡយើង នៅមានវ័យដ៏ក្មេងខ្ចី គឺត្រឹមតែ ៧ភាគរយ នៃអាយុកាលបច្ចុប្បន្នរបស់វាប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Fox News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
Quasar ដែលមានឈ្មោះសម្គាល់ថា P352-15 ត្រូវបានប្រទះឃើញនៅចម្ងាយ ១៣ពាន់លានឆ្នាំពន្លឺ (មួយឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ពីភពផែនដីដោយតេឡេស្កូបប្រើរលកវិទ្យុ VLBA។ អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ពួកគេកំពុងឃើញ P352-15 ក្នុងពេលដែលចក្រវាឡមានអាយុមិនដល់ ១ពាន់លានឆ្នាំ នោះឡើយ ឬស្មើនឹង ៧ភាគរយ នៃអាយុកាលបច្ចុប្បន្នរបស់វាប៉ុណ្ណោះ។
គួរជម្រាបថា Quasar ត្រូវគេឲ្យនិយមន័យថា គឺជាផ្ចិតយក្សដ៏សកម្មមួយ ដែលបញ្ចេញពន្លឺយ៉ាងចែងចាំង ហើយវាទទួលថាមពលពីប្រហោងខ្មៅ ដែលមានទម្ងន់ធ្ងន់ជាងព្រះអាទិត្យ ដល់ទៅរាប់ពាន់លានដងឯណោះ។ Quasar បើតាមតេឡេស្កូបធម្មតាៗ ដោយសារតែពន្លឺចែងចាំរបស់វា គឺមើលទៅហាក់ដូចជាពពួកផ្កាយមួយចង្កោមដែរ តែតាមពិតជាផ្កាយភ្លឺបំផុតមួយដួង។
ការបញ្ចេញពន្លឺ និងរលកវិទ្យុសកម្ម ដែលយើងមើលឃើញពី Quasar តាមពិតគឺជាបង្កឡើងដោយសារធាតុ ដែលនៅជុំវិញប្រហោងខ្មៅផ្ទាល់តែម្តង ដែលគេហៅថា សំណុំ Accretion Disk។ សំណុំរាងដូចបន្ទះឌីសនេះ ទីបំផុតបង្កើនល្បឿនវិលកាន់តែខ្លាំងឡើង ដោយវាស្រូបទាញធូលី និងកម្ទេចកម្ទីអវកាស ព្រមទាំងឧស្ម័នអវកាសនៅជុំវិញចូលក្នុងវា ដែលធ្វើឲ្យមើលទៅដូចជាទឹកកំពុងហូរចូលបង្ហួរទឹកអ៊ីចឹងដែរ៕