(តូក្យូ)៖ រហូតមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកកកជំនន់ និងបំណាក់ដីដ៏អាក្រក់បំផុតប្រចាំឆ្នាំ២០១៨នេះ បានបណ្តាលឲ្យជនជាតិជប៉ុនស្លាប់កើនដល់ ១៩៩នាក់ហើយ ខណៈរាប់សិបនាក់ទៀតបន្តបាត់ខ្លួន ដែលអាចកំពុងជាប់ក្រោមគំនរល្បាប់ភក់ និងលំនៅឋានដែលបាក់រលំ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
ស្ថិតនៅក្នុងស្ថានការណ៍ដ៏អាក្រក់នេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងមន្ត្រីរដ្ឋាភិបាលរបស់លោក ក៏បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះខ្លាំងបំផុត នៅបណ្តាខេត្តភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃពុធម្សិលមិញនេះផងដែរ ហើយលោកនឹងបន្តដំណើរនេះ រហូតដល់ថ្ងៃសុក្រស្អែក ដើម្បីត្រួតពិនិត្យភាពជាក់ស្តែង និងបង្កើនសកម្មភាពជួយសង្គ្រោះប្រជាជន ដែលងាយរងគ្រោះបំផុត។
គួរបញ្ជាក់ថា ដោយសារតែទឹកជំនន់ និងការបាក់ដីនៅបណ្តាខេត្តជាច្រើនស្ថិតនៅភាគខាងលិចប្រទេសជប៉ុននេះ លោក អាបេ និងមន្ត្រីជាន់ខ្ពស់របស់លោក បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចចំនួនបួនជើងទៅក្រៅប្រទេស ដើម្បីយកពេលនេះទៅដោះស្រាយស្ថានការណ៍បន្ទាន់ ខណៈចំនួនមនុស្សស្លាប់កាន់តែកើនឡើងផងដែរ។
បន្ថែមពីនេះទៀតក្តីសង្ឃឹមថា មនុស្សកំពុងបាត់ខ្លួនអាចនៅរស់នោះ គឺបានហាក់ដូចជាកាន់តែស្តួចស្តើងហើយ បន្ទាប់ពីរយៈពេលមួយសប្តាហ៍នៃគ្រោះទឹកជំនន់។ រហូតមកទល់នឹងល្ងាចថ្ងៃពុធ អាជ្ញាធរជប៉ុនបានអះអាងថា ទឹកចាប់ផ្តើមស្រកជាបណ្តើរៗ ខណៈប្រជាជនជាង ១០,០០០នាក់ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្ននៅឡើយ ក្រោយពីក្រុមសង្គ្រោះបានយកពួកគេចេញពីលំនៅឋាន ដែលត្រូវបានទឹកជន់លិចយ៉ាងគំហុក៕