(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានគេរាយការណ៍ថា បានសូមទោសទៅកាន់ព្រះជាម្ចាស់បន្ទាប់ពីបានសន្យាថា នឹងចុះចេញពីតំណែង បើសិនជាអ្នកកាន់សាសនាគ្រិស្ដណាម្នាក់អាចបង្ហាញថា ព្រះជាម្ចាស់ពិតជាមានប្រាកដមែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក លោក ឌូតឺតេ បានជួបជាមួយទីប្រឹក្សាកំពូលរបស់លោក គឺលោក សាលវ៉ាដ័រ ផេណែឡូ (Salvador Panelo) និងលោក អ៊ែដឌូ វីលឡានួវ៉ា (Eddie Villanueva) ដែលជាសមាគមអ្នកកាន់សាសនាគ្រិស្ត (Jesus Is Lord Church) នាពេលថ្មីៗនេះ នៅឯវិមាន ម៉ាឡាកាណាង (Malacañang) ស្ថិតនៅក្នុងទីក្រុងម៉ានីល ជាទីដែលលោកបានសូមទោសចំពោះការអត្ថាធិប្បាយរបស់លោក ពាក់ព័ន្ធវត្តមានព្រះជាម្ចាស់។
លោក ឌូតឺតេ ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា «បើសិនជានរណាម្នាក់ អាចឡើងទៅឋានសួគ៌ ហើយនិយាយជាមួយព្រះ និងថតសែលហ្វីជាមួយព្រះ ខ្ញុំនឹងចុះ ចេញពីតំណែងជាប្រធានាធិបតីភ្លាមៗ»។
គួររំលឹកថា ការលើកឡើងបែបនេះរបស់លោក ឌូតឺតេ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនរូបនេះបានហៅព្រះជាម្ចាស់ថា «ឆ្កួតល្ងីល្ងើ» ហើយដែលសម្ដីនេះ បានបង្កការខឹងសម្បារយ៉ាងខ្លាំងដល់អ្នកកាន់សាសនាគ្រិស្ដក្នុងប្រទេសហ្វីលីពីន ដែលមានអ្នកកាន់សាសនាគ្រឹស្ដនិកាយកាតូលិក ធំជាងគេបំផុតនៅអាស៊ី៕