(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស ថេរ៉េសា ម៉ាយ (Theresa May) បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងនៅបន្តជាសម្ព័ន្ធមិត្តដ៏រឹងមាំជាងគេបំផុតរបស់សហរដ្ឋអាមេរិក ស្របពេលដែលលោកស្រីកំពុងរៀបចំទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបញ្ចេញដោយ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឲ្យដឹងថា លោកស្រី May នឹងប្រើប្រាស់នូវឱកាសនេះ ដែលជាដំណើរបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោក ត្រាំ មកកាន់ចក្រភពអង់គ្លេស ក្នុងនាមជាមេដឹកនាំអាមេរិក ដើម្បីគូសបញ្ជាក់បន្ថែមពីអានុភាពនៃទំនាក់ទំនងដ៏ពិសេសរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការសហការលើវិស័យការពារជាតិ សន្តិសុខ និងបញ្ហាទាក់ទិននឹងគោលនយោបាយការបរទេស ព្រមទាំងលើកឡើងអំពីឱកាសដ៏ច្រើនលើសលប់ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅនៅតាមវិស័យដូចជា ពាណិជ្ជកម្ម និងវិនិយោគ នាពេលអនាគត។
គួរជម្រាបថា លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកដល់ចក្រភពអង់គ្លេស នៅរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) ហើយនឹងត្រូវទទួលស្វាគមន៍ដោយ លោកស្រី May នៅឯវិមាន ប្លែនហេម (Blenheim) នាពេលល្ងាច។ សម្រាប់នៅថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិក នឹងធ្វើការទស្សនាការបង្ហាញពីសព្វាវុធ និងបច្ចេកវិទ្យាយោធាទំនើបៗ របស់ចក្រភពអង់គ្លេស រួមជាមួយការហ្វឹកហាត់រួមគ្នាមួយរបស់កងទ័ពអង់គ្លេស និងអាមេរិក។
ក្រោយមកទៀតលោក ត្រាំ នឹងត្រូវបន្តដំណើរទៅកាន់វិមាន Chequers ដើម្បីបើកកិច្ចពិភាក្សាទ្វេភាគីជាមួយលោកស្រី May ជុំវិញបញ្ហាជាច្រើនពាក់ព័ន្ធនឹងរុស្ស៊ី ពាណិជ្ជកម្ម ការដកអង់គ្លេសចេញពីអឺរ៉ុប និងមជ្ឈិមបូព៌ាជាដើម៕