(ព្រុចសែល)៖ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក ក្លូស ហាហ្សត ហ្វ្រែឌែរីកសិន (Claus Hjort Frederiksen) បានរិះគន់យ៉ាងខ្លាំងមិនធ្លាប់មាន ទៅលើអាកប្បកិរិយារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្ត ហើយថែមទាំងបានចាត់ទុកផងដែរថា ស្ទីលដឹកនាំរបស់លោក ត្រាំ គឺជាការដឹកនាំជាមួយភាពភ័យខ្លាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ មួយរយៈពេលចុងក្រោយនេះ បានបង្កើនការរិះគន់កាន់តែខ្លាំង លើបណ្ដាប្រទេសជាសមាជិកអង្គការណាតូ (NATO) មួយចំនួនជាពិសេសគឺអាល្លឺម៉ង់ ជុំវិញការចំណាយមិនគ្រប់គ្រាន់ លើវិស័យការពារជាតិ។ តែទោះបីជាយ៉ាងណាក្ដី នៅក្នុងសម្រង់សម្ដីដោយសារព័ត៌មានដាណឺម៉ាក Politike រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Frederiksen បានច្រានចោលការរិះគន់នេះ ដោយលោកបញ្ជាក់ដូច្នេះថា «អ្វីដែលយើងខកចិត្ត គឺការព្យាករណ៍របស់លោក ត្រាំ... បើអ្នកជាប្រទេសធំ ហើយអ្នកមានឧស្សហកម្ម ការពារជាតិដ៏ធំ នោះអ្នកនឹងត្រូវចំណាយច្រើន។ ចំណែកឯយើងជាប្រទេសតូច មានឧស្សហកម្មការពារជាតិតូច នោះការចំណាយរបស់យើងក៏តិច វាជារឿងធម្មតា»។
គួរជម្រាបថា លោក ដូណាល់ ត្រាំបានរិះគន់យ៉ាងខ្លាំងលើប្រទេសជាសមាជិកអង្គការណាតូ ជាពិសេសគឺអាល្លឺម៉ង់ សម្រាប់ការបង់ប្រាក់មិនគ្រប់គ្រាន់លើវិស័យការពារជាតិ ហើយមិនតែប៉ុណ្ណោះលោកក៏ធ្លាប់បានព្រមានដែរថា ប្រទេសទាំងនោះអាចនឹងត្រូវ ការពារខ្លួនឯងដោយគ្មានសហរដ្ឋអាមេរិក បើសិននៅតែមិនព្រមបង្កើនការចំណាយ លើកញ្ចប់ថវិការបស់ណាតូ៕