(វ៉ាស៊ីនតោន)៖ ដំណើររឿងរ៉ាវនៃប្រតិបត្តិការជួយសង្រ្គោះ ក្មេងប្រុសថៃទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ចេញពីរូងភ្នំថាំលួង ស្ថិតនៅខាងជើងប្រទេសថៃ នឹងត្រូវបានរៀបរាប់ឡើងវិញ ដោយក្រុមហ៊ុនថតខ្សែភាពយន្ដអាមេរិក Hollywood។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមហ៊ុនថតខ្សែភាពយន្ដចំនួនពីរ កំពុងសម្លឹងមើលពីកិច្ចសហការរួមគ្នា ក្នុងការថតខ្សែភាពយន្ដស្ដីពី ប្រតិបត្តិការជួយសង្រ្គោះមនុស្សទាំង ១៣នាក់ ខាងលើ ដែលបានជាប់ក្នុងរូងភ្នំថំាលួង សិ្ថតនៅក្នុងខេត្តឈៀងរ៉ាយ នៃភាគខាងជើងប្រទេសថៃ អស់រយៈពេលច្រើនជាង ២ សប្ដាហ៍ មុននឹងមនុស្ស ០៥នាក់ចុងក្រោយ ត្រូវបានយកចេញពីរូងភ្នំនេះទាំងអស់គ្នាកាលពីថ្ងៃអង្គារ។
ក្រុមហ៊ុនទាំងពីរនេះ គឺក្រុមហ៊ុន អ៊ីវ៉ានហ៊ឺ ភីចឈើ (Ivanhoe Pictures) មានការិយាល័យនៅសហរដ្ឋអាមេរិក និងអាស៊ី ហើយផ្ដោតសំខាន់លើតំបន់អាស៊ី និង អាមេរិកខាងជើង។ ចំណែកឯក្រុមហ៊ុនមួយទៀតគឺ ភ្យួរ ហ្វ្លីច (Pure Flix) ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានជំនាញ ខាងខ្សែភាពយន្ដបែបគ្រួសារ។
គួររំលឹកថា កាលពីឆ្នាំ២០១០ កម្មករអណ្ដូងរ៉ែឈីលី ៣៣នាក់ ត្រូវបានគេសង្រ្គោះក្រោយជាប់ក្នុងអណ្ដូងរ៉ែមួយ អស់រយៈពេល ៦៩ថ្ងៃ ហើយក្រោយមកនៅឆ្នាំ២០១៥ ទើបរឿងរ៉ាវរបស់ពួកគេ ត្រូវបានគេយកទៅថតជាខ្សែភាពយន្ដមានចំណងជើងថា “The 33”។
ប៉ុន្តែនៅកាលនោះរឿងរ៉ាវអ្នកទាំង ៣៣នាក់នេះ ហាក់ដូចជាពុំសូវមានការយកចិត្តទុកដាក់ ពីពិភពលោកដូចជារឿងមនុស្សទាំង ១៣នាក់ដែលជាប់ក្នុងរូងភ្នំនៅប្រទេសថៃនេះទេ។ មួយវិញទៀតដោយសារតែការចាប់អារម្មណ៍នេះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក៏បានព្រលយសម្ដីដែរថា តំបន់រូងភ្នំថំាលួង នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីនៅលើពិភពលោក៕