(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ក្រឡាអុកក្រូអាត បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះមាន់គកបារាំង ក្រោយយកឈ្នះអង់គ្លេស ២-១ ក្នុងនាទីបន្ថែម១៥នាទី២ដង បន្ទាប់ប្រកួតពេញម៉ោងស្មើគ្នា ១-១ នៃព្រឹត្តិការណ៍ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
កីឡាករខ្សែប្រយុទ្ធ Mario Manzukic ជាអ្នករកគ្រាប់ជ័យជម្នះអោយក្រូអាតនៅនាទីទី១១៨ ក្នុងម៉ោងថែម១៥នាទីលើកទី២ ក្រោយពេលមិត្តរួមក្រុម Ivan Perisic រកគ្រាប់តាមស្មើនៅនាទីទី៦៨ បន្ទាប់ពីអង់គ្លេសបានបើកការនាំមុខតាំងពីនាទីទី៥ មកម៉្លេះដោយបាល់ពិន័យហ្រ្វីឃីកទាត់ដោយកីឡាករពាក់លេខ១២ Kieran Trippier។
ក្រូអាត ត្រូវឡើងទៅប៉ះបារាំងនៅវគ្គផ្តាច់ព្រ័ត្រដែលបានទម្លាក់ប៊ែលហ្ស៊ិក ១-០ ដែលនឹងធ្វើឡើងនៅរាត្រីម៉ោង ១០យប់ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ដើម្បីប្រជែងយកពានរង្វាន់ World Cup 2018 លើកទី២១។
អង់គ្លេស ក៏ត្រូវប៉ះប៊ែលហ្ស៊ិក ក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ នាម៉ោង៩យប់ (ម៉ោងនៅកម្ពុជា)៕