(ឈៀងរ៉ាយ)៖ នៅទីបំផុត អាជ្ញាធរថៃ បានបង្ហោះវីដេអូ និងរូបភាពជាលើកដំបូងរបស់ក្មេងប្រុសទាំង១២នាក់ ដែលកំពុងសម្រាក តាមដានសុខភាពនៅក្នុងមន្ទីរពេទ្យ ក្រោយត្រូវបានជួយសង្រ្គោះចេញពីរូងភ្នំថំាលួង ដោយជោគជ័យកាលពីថ្ងៃអង្គារ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
ស្ថិតនៅក្នុងសម្លៀកបំពាក់ជាអ្នកជំងឺ និងពាក់ម៉ាស់បិទមុខ ក្មេងប្រុសទាំង១២នាក់ មានអាយុពី១១ដល់១៦ឆ្នាំ ត្រូវបានគេអនុញ្ញាតឱ្យឃើញគ្រួសារសាច់ញាតិរបស់ពួកគេហើយ។ ប៉ុន្តែទន្ទឹមគ្នា ក្រុមគ្រូពេទ្យនៅតែមានការព្រួយបារម្ភនៅឡើយ ចំពោះសុខភាពរបស់ ពួកគេ ក្រោយចំណាយពេលជាង០៣សប្ដាហ៍ នៅក្នុងរូងភ្នំថំាលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃ។
ដោយឡែក នៅក្នុងវីដេអូនោះដែរ ក្រុមគ្រួសារក្មេងទាំងនេះ បាននាំគ្នាយំនៅពេលសម្លឹងមើលទៅកាន់ពួកគេតាមបង្អួចកញ្ចក់ ដ្បិត ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងបន្ទប់នោះទេ ដើម្បីបញ្ជៀសការចម្លងមេរោគ៕