(ម៉ូស្គូ)៖ រុស្ស៊ី និងក្រិក នៅថ្ងៃពុធនេះ បានព្រមានបណ្ដេញមន្រ្តីទូតពីររូបចេញពីប្រទេសរៀងៗខ្លួន នៅក្នុងជម្លោះការទូតដ៏កម្រ មួយបង្កឡើងដោយបញ្ហាប្រទេសម៉ាសេដូនី ដែលត្រូវបានគេរំពឹងថានឹងទទួលបានការអញ្ជើញជាផ្លូវការឱ្យចូលរួមក្នុងអង្គការ ណាតូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្រិក Kathimerini រដ្ឋាភិបាលក្រិកនឹងបណ្ដេញមន្ត្រីទូតរុស្ស៊ីពីររូប ក៏ដូចជាហាមឃាត់មន្ត្រីទូតរុស្ស៊ីពីររូប ទៀតមិនឱ្យចូលក្នុងប្រទេស ដោយចោទថាអ្នកទាំងនេះបានព្យាយាមបំផ្លាញដល់កិច្ចព្រមព្រៀងមួយក្រិក និងម៉ាសេដូនី កាលពី ខែមុន។ ពោលគឺផ្អែកលើកិច្ចព្រមព្រៀងនេះ ម៉ាសេដូនី ត្រូវបានគេរំពឹងថានឹងទទួលបានការអញ្ជើញជាផ្លូវការឱ្យចូលរួមក្នុង
អង្គការណាតូ ប៉ុន្តែរុស្ស៊ីជំទាស់យ៉ាងខ្លាំង រហូតដល់ប្រកាសថាខ្លួននឹងចាត់វិធានការឆ្លើយតបឱ្យដូចទៅនឹងក្រិកធ្វើមកលើខ្លួន។
គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ ក្រិកមិនបានចូលរួមជាមួយបណ្ដាប្រទេសជាសមាជិកអង្គការណាតូដទៃទៀតក្នុងយុទ្ធនាការ បណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ពាក់ព័ន្ធនឹងការបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេសនោះទេ។ ចំណែក ឯ ការអញ្ជើញម៉ាសេដូនីឱ្យចូលរួមជាមួយអង្គការណាតូ អាចនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃពុធនេះ៕