(ពិភពលោក)៖ នៅថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងសេដ្ឋកិច្ចចិនបានអះអាងថា ខ្លួនមានការតក់ស្លុតនៅពេលដែលបានទទួលដំណឹងពីការគ្រោងតម្លើងពន្ធលើទំនិញចិន ក្នុងតម្លៃ ២០០ពាន់លានដុល្លារបន្ថែមទៀត ពីសំណាក់សហរដ្ឋអាមេរិក ប៉ុន្តែចិនសូមព្រមានតបវិញថា នឹងសងសឹកប្រសិនបើអាមេរិកហ៊ានអនុវត្តន៍ ដូចអ្វីដែលខ្លួនបានអះអាងមែននោះ៕
២៖ ក្រុមហ៊ុនផលិតយន្តដ៏ធំនៅអាមេរិក «Tesla» នឹងបើករោងចក្រទីមួយរបស់ខ្លួននៅឯក្រៅប្រទេស នៅក្នុងទីក្រុងសៀងហៃ របស់ប្រទេសចិនជាលើកដំបូង នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្ម ដែលបានផ្ទុះឡើងជាផ្លូវការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង៕
៣៖ ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារដោយផ្ទុះគ្រាប់ ទៅលើកន្លែងជួបជុំអ្នកគាំទ្រនយោបាយមួយកន្លែង ទៅទីក្រុង ប៉េសាវ៉ា (Peshawar) ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីយប់ម្សិលមិញ បានកើនឡើងដល់ ២០នាក់ហើយ៕
៤៖ អាជ្ញាធរថៃបានអះអាងថា បានរកឃើញសាកសពម្នាក់ទៀតហើយ ដែលត្រូវបានគេជឿជាក់ថា ជាសាកសពអ្នកបាត់ខ្លួនចុងក្រោយ ក្នុងករណីលិចទូកដឹកអ្នកទេសចរជនជាតិចិនចំនួនពីរគ្រឿង នៅដែនសមុទ្រកោះភូកេតប្រទេសថៃ កាលពីសប្តាហ៍មុន និងបាននាំឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ៤៦នាក់៕
៥៖ អាជ្ញាធជប៉ុនបានអះអាងនៅថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុនបានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្សបាត់ខ្លួន ៥៦នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ទៅលើកិច្ចព្រមព្រៀងវិស័យថាមពល រវាងទីក្រុងប៊ែរឡាំង និងទីក្រុងម៉ូស្គូ ហើយបានលើកឡើងថា រុស្ស៊ីកំពុងគ្រប់គ្រងអាល្លឺម៉ង់ តាមរយៈធនធានថាមពលរបស់ខ្លួន៕