(ភូកេត)៖ អាជ្ញាធរថៃបានអះអាងថា បានរកឃើញសាកសពម្នាក់ទៀតហើយ ដែលត្រូវបានគេជឿជាក់ថា ជាសាកសពអ្នកបាត់ខ្លួនចុងក្រោយ ក្នុងករណីលិចទូកដឹកអ្នកទេសចរជនជាតិចិនចំនួនពីរគ្រឿង នៅដែនសមុទ្រកោះភូកេតប្រទេសថៃ កាលពីសប្តាហ៍មុន និងបាននាំឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ៤៦នាក់។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
ប្រតិបត្តិការរុករកប៉ុន្មានថ្ងៃមកនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រុមសង្គ្រោះមកពីថៃ និងក្រុមសង្គ្រោះថៃកាត់ចិន ដែលមានឈ្មោះថា Blue Sea។ សាកសពចុងក្រោយ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងដល់ ៤៦នាក់នោះ គឺត្រូវបានក្រុមអ្នកមុជទឹកជំនាញ រកឃើញនៅក្រោមផ្ទៃទឹកតែម្តង។
គួរបញ្ជាក់ថា សម្រាប់សាកសព ៤៥នាក់ ដែលត្រូវបានរកឃើញកាលពីមុន គឺនៅក្នុងនោះសាកសព ០៥នាក់ ត្រូវបានយកទៅបូជា និង ០២នាក់ទៀតត្រូវបានដឹកទៅកាន់ប្រទេសចិនវិញ ទៅតាមសំណូមពររបស់ក្រុមគ្រួសារសព។ ដោយឡែកនៅសល់សាកសពទាំងប៉ុន្មានទៀត គឺរង់ចាំការសម្រេចពីក្រុមគ្រួសារសព។
បន្ថែមពីខាងលើនេះ មូលហេតុដែលបានបង្កគ្រោះថ្នាក់ដ៏អកុសល្យខាងលើ គឺពុំទាន់ត្រូវបានបញ្ជាក់នោះឡើយ ព្រោះវាស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ប៉ុន្តែទូកដឹកទេសចរចិនទាំងពីរគ្រឿងនេះ ត្រូវបានគេដឹងថា បានចាកចេញពីកំពង់ផែទាំងយប់ ពេលមានភ្លៀង និងព្យុះខ្លាំង ខណៈអ្នកបញ្ជាការទូកបានហាមឃាត់ហើយ តែពួកគេនៅតែរឹងទទឹងក្នុងការចេញដំណើរទាំងស្ថានភាពនោះទៀត៕