(បរទេស)៖ ពន្លឺកម្មរស្មីប្រាំពីរពណ៌នេះ Cambo Space ធ្លាប់ធ្វើការបកស្រាយជាខ្សែវីដេអូមួយកន្លងមកហើយ អំពីដំណើរនៃការកកើតវាឡើងនៅប៉ូលខាងជើង និងប៉ូលខាងត្បូងភពផែនដី ប៉ុន្តែសម្រាប់ពេលវេលា និងទីតាំងជាក់លាក់ ដែលមនុស្សអាចទៅទស្សនាបាតុភូតធម្មជាតិដ៏អស្ចារ្យនេះ គឺមិនទាន់ត្រូវបានឲ្យបញ្ជាក់ច្បាស់នោះឡើយ។
ជាការពិតណាស់ពាក្យថា «បាតុភូតធម្មជាតិ» គឺជាអ្វីដែលមួយដែលមិនអាចកំណត់ពេលវេលា ទំហំ និងកន្លែងពិតប្រាកដជាក់លាក់ ដែលវានឹងត្រូវកើតនោះឡើយ ប៉ុន្តែសម្រាប់រដូវកាល ឬតំបន់នោះ យើងអាចធ្វើការសន្និដ្ឋានបាន ដោយមិនប្រាកដថាខុសទាំងស្រុងនោះឡើយ ជាពិសេសគឺកាំរស្មីប្រាំពីរពណ៌ «អូរ៉ូរ៉ា» (Aurora) នៅប៉ូលខាងជើង និងខាងត្បូងនៃភពផែនដីនេះ។
ពេលវេលាដែលជាក់លាក់ សម្រាប់ការកើតឡើងនៃពន្លឺអូរ៉ូរ៉ានេះ គឺនៅក្រោយរយៈពេលមានការផ្តល់ដំណឹងថា ព្យុះព្រះអាទិត្យ ឬកំសួលចេញពីផ្ទៃស្រទាប់លើរបស់ព្រះអាទិត្យត្រូវបានជះចេញ ហើយប៉ុន្មាននាទីក្រោយមក វានឹងធ្វើដំណើរមកដល់បរិយាកាសផែនដី និងបង្កជាពន្លឺអូរ៉ូរ៉ា នៅប៉ូលខាងជើង និងប៉ូលខាងត្បូង (ក្នុងអំឡុងពេលជាង ៨នាទី)។ ទោះបីជាយើងហៅថា ជាពន្លឺប្រាំពីរពណ៌មែន ប៉ុន្តែបើពិនិត្យភាពជាក់ស្តែង ពណ៌ដែលលេចចេញស្តែងៗ គឺពណ៌បៃតង ស្វាយ ខៀវ និងពណ៌ផ្កាឈូកស្រាល។
រយៈពេលនៃការកើតឡើងរបស់ពន្លឺអូរ៉ូរ៉ា គឺនៅត្រូវបានក្រុមអ្នកអង្កេតអះអាងថា នៅចន្លោះពីដើមខែមេសា ដល់ចុងខែសីហា រៀងរាល់ឆ្នាំ ដោយស្ថិតនៅតំបន់ប៉ូលខាងជើង នៃភពផែនដី។ ម៉ោងដែលអាចទស្សនាបានសម្រាប់ Aurora នោះគឺម៉ោងជាង ៤៖០០នាទីរសៀល និងម៉ោងជាង ៦៖២០នាទីព្រឹក ម៉ោងនៅតំបន់ជុំវិញប៉ូលខាងជើងផែនដី។
គួរជម្រាបថា តំបន់ដែលអាចមើលឃើញពន្លឺនេះ នៅប៉ូលខាងជើងផែនដីនោះ គឺស្ថិតនៅភាគខាងជើងរដ្ឋអាឡាស្កា, ភាគខាងជើងប្រទេសកាណាដា, តំបន់ Svalbard នៃប្រទេសណ័រវេយ៍, តំបន់ Kakslauttanen ប្រទេសហ្វាំងឡង់, តំបន់ Jukkasjärvi ប្រទេសស៊ុយអែត, តំបន់ Reykjavik នៃកោះអាយឡែន, ប្រទេសស្កុតឡេន នៃចក្រភពអង់គ្លេស និងផ្នែកភាគខាងជើងនៃប្រទេសរុស្ស៊ី ដែលជាប់មហាសមុទ្រទឹកកកអាក់ទិក។
ដោយឡែកសម្រាប់ប៉ូលខាងត្បូងភពផែនដីវិញ គឺពន្លឺ អូរ៉ូរ៉ា អាចបង្ហាញខ្លួនបានច្បាស់បំផុតនៅកោះ South Georgia Island, កោះ Stewart នៃប្រទេសនូវែលសេឡង់, តំបន់ Ushuaia នៃប្រទេសអាហ្សង់ទីន និងទ្វីបអង់តាក់ទិកតែម្តង។ សម្រាប់ពេលវេលានៃការកកើតវាវិញ គឺមិនខុសពីតំបន់ប៉ូលខាងជើងនោះឡើយ៕
ប្រភព៖ Wikipedia