(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ទៅលើកិច្ចព្រមព្រៀងវិស័យថាមពល រវាងទីក្រុងប៊ែរឡាំង និងទីក្រុងម៉ូស្គូ ហើយបានលើកឡើងថា រុស្ស៊ីកំពុងគ្រប់គ្រងអាល្លឺម៉ង់ តាមរយៈធនធានថាមពលរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
លោកប្រធានាធិបតីអាមេរិក បានធ្វើការរិះគន់ធ្ងន់ៗទៅលើអាល្លឺម៉ង់ ដោយថា ប្រទេសអឺរ៉ុបនេះជាចំណាប់ខ្មាំងរបស់រុស្ស៊ី ហើយលោកបានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង កំពុងតែធ្វើឲ្យរុស្ស៊ីកាន់តែមានទ្រព្យហូរហៀរខ្លាំងឡើងៗ។ និយាយរួមទៅ លោក ដូណាល់ ត្រាំ បានថ្លែងរិះគន់ដោយមិនសំចៃមាត់ ទៅលើរាល់បណ្តាប្រទេសជាសមាជិករបស់អង្គការ NATO ដែលបានព្រមព្រៀងទៅគម្រោងសាងសង់ នៃបណ្តាញផ្គត់ផ្គង់ឧស្ម័ន Nord Stream-2។
គួរជម្រាបថា បើតាមរបាយការណ៍នៅឆ្នាំ២០១៧ ឥន្ធនៈរបស់រុស្ស៊ីទទួលបន្ទុកដល់ទៅជាង ៦០ភាគរយ នៃឧស្ម័នធម្មជាតិ ដែលបាននាំចូលទៅកាន់អាល្លឺម៉ង់៕