(ប៉េកាំង)៖ ក្រសួងសេដ្ឋកិច្ចចិនបានអះអាងថា ខ្លួនមានការតក់ស្លុតនៅពេលដែលបានទទួលដំណឹងពីការគ្រោងតម្លើងពន្ធលើទំនិញចិន ក្នុងតម្លៃ ២០០ពាន់លានដុល្លារបន្ថែមទៀត ពីសំណាក់សហរដ្ឋអាមេរិក ប៉ុន្តែចិនសូមព្រមានតបវិញថា នឹងសងសឹកប្រសិនបើអាមេរិកហ៊ានអនុវត្តន៍ ដូចអ្វីដែលខ្លួនបានអះអាងមែននោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងសេដ្ឋកិច្ចចិន បានបញ្ជាក់នៅថ្ងៃពុធនេះយ៉ាងដូច្នេះថា «ប្រទេសចិនពិតជាមានការតក់ស្លុតចំពោះសកម្មភាពរបស់អាមេរិក... ដូច្នេះដើម្បីការពារផលប្រយោជន៍ធំរបស់ប្រទេសជាតិ ដូចជាផលប្រយោជន៍ស្នូលនៃប្រជាជនរបស់យើង រដ្ឋាភិបាលចិននឹងធ្វើដូចពីមុន គឺត្រៀមបញ្ចេញប្រតិកម្មឆ្លើយតបទៅវិញ តាមដែលអាចធ្វើទៅរួច...។» ចិនក៏បានសង្កត់ធ្ងន់ដែរថា ការគ្រោងដំឡើងពន្ធនាំចូលទំនិញពីចិន ដោយសហរដ្ឋអាមេរិកក្នុងតម្លៃ ២០០ពាន់លានដុល្លារនោះ គឺជាទង្វើដែលមិនអាចទទួលយកបានទាល់តែសោះ។
គួរបញ្ជាក់ថា ការប្រកាសពីគំរោងតម្លើងពន្ធនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមហាយក្សសេដ្ឋកិច្ចទាំងពីរតម្លើងពន្ធ ៣៤ពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក និងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា នឹងតម្លើងពន្ធបន្ថែមប្រឆាំងនឹងចិន បើសិនជាទីក្រុងប៉េកាំងចាត់វិធានការសងសឹក។
បើតាមសេតវិមានការតម្លើងពន្ធ ២០០ពាន់លានដុល្លារនេះ គឺជាការឆ្លើយតបទៅនឹងការធ្វើការពាណិជ្ជកម្មមិនស្មើភាពរបស់ចិន ហើយវានឹងត្រូវអនុវត្តន៍លើផលិតនាំចូលពីចិនច្រើនជាង ៦,០០០មុខ ក្នុងនោះរួមមានផលិតផល ចំណីអាហារ រ៉ែ និងរបស់របរប្រើប្រាស់ដូចជាកាបូបយួរដៃជាច្រើន។ ចំណែកឯ បណ្ដាក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក នឹងមានពេលរហូតដល់ខែសីហា ដើម្បីតវ៉ាមុននឹងការតម្លើងពន្ធនេះចូលជាធរមាន៕