(ប៉េកាំង)៖ តុលាការចិនបានចេញសាលក្រម ដោយផ្តន្ទាទោសប្រហារជីវិតបុរសម្នាក់ ជាប់ចោទពីបទចាក់សម្លាប់សិស្សសាលា ០៩នាក់ ដែលជាទង្វើសងសឹកដើម្បីបញ្ចេញកំហឹងទៅលើអតីតសាលា ដែលរូបគេធ្លាប់បានរៀន និងត្រូវគេធ្វើបាបកាលពីនៅក្មេង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមតុលាការនៃខេត្ត សានស៊ី (Shaanxi) នៅថ្ងៃអង្គារសប្ដាហ៍នេះ ជនជាប់ចោទខាងលើមានឈ្មោះ ចាវ ហ្សេវៃ (Zhao Zewei) ហើយរូបគេបាន ទិញកូនកាំបិត៥ដើមនៅតាមអ៊ីធើណែត ដើម្បីអនុវត្តន៍ការវាយប្រហារលើសាលារៀនមួយ ក្នុងខេត្ត Shaanxi ជាការសងសឹក បញ្ចេញកំហឹង និងភាពឈឺចាប់ ដែលរូបគេធា្លប់បានត្រូវគេធ្វើបាប និងប្រមាថកាលពីខ្លូននៅជាក្មេងរៀននៅក្នុងសាលានេះ។
គួរបញ្ជាក់ថា Zhao Zewei ដែលត្រូវបានគេចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា កាលពីខែឧសភា ក៏ធ្លាប់បានដាក់ពាក្យប្ដឹងជំទាស់នឹងការសម្រេចចិត្តនេះដែរ។ ចំណែកឯ តុលាការមិនបានបញ្ជាក់ពីអាយុរបស់ Zhao នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អាះអាងថា រូបគេមានអាយុ ២៨ឆ្នាំ៕