(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារដោយផ្ទុះគ្រាប់ ទៅលើកន្លែងជួបជុំអ្នកគាំទ្រនយោបាយមួយកន្លែង ទៅទីក្រុង ប៉េសាវ៉ា (Peshawar) ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីយប់ម្សិលមិញ បានកើនឡើងដល់ ២០នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងហេតុការណ៍នេះ មនុស្សយ៉ាងតិច ៦៣នាក់ ក៏បានរបួសផងដែរ ដោយក្នុងចំណោមនោះ ៣៣នាក់ កំពុងស្ថិតក្រោមការព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ។ ការបំផ្ទុះគ្រាប់បែកនេះត្រូវបានធ្វើឡើង នៅអំឡុងការជួបជុំនៅទីសាធារណៈ របស់គណបក្ស ANP នៅតំបន់ យ៉ាខាទូត (Yakatoot) ក្នុងក្រុង Peshawar នៃខេត្ត ផាកទុនក្វា (Pakhtunkhwa) ភាគពាយ័ព្យប៉ាគីស្ថាន។
គួរជម្រាបថា បើតាមការអះអាងពីប៉ូលិស ការវាយប្រហារដ៏អាក្រក់នេះ មានគោលដៅ ទៅលើថ្នាក់ដឹកនាំមួយរូបរបស់បក្ស ANP គឺលោក ហារូន ប៊ីលួ (Haroon Bilour) ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះ ចំពេលអ្នកនយោបាយរូបនេះ កំពុងធ្វើការប្រកួតប្រជែងយកអាសនៈសភាថ្នាក់តំបន់ នៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។
ចំណែកឯក្រុមតាលីបង់នៅប៉ាគីស្ថានត្រូវគេរាយការណ៍ថា បានចេញមុខអះអាងថា ទង្វើខាងលើជាការរៀបចំរបស់ខ្លួន៕