(ឡុងដ៍)៖ ខណៈមន្រ្តីជំនិតៗរបស់ខ្លួន បានដាក់ពាក្យលាឈប់ជាបន្តបន្ទាប់ ដោយសារបញ្ហាវិវាទនៃការចរចាគម្រោង Brexit នោះក៏ដោយ ក៏នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) នៅតែទទូចថា រូបលោកស្រី មានសមត្ថភាពអាចសម្រេចគម្រោងដកខ្លួនចេញពីសហភាពអឺរ៉ុប បានដោយមានរបៀបរៀបរយដដែល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
ចាប់តាំងតែពីលោកស្រីបានបើក កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុន ដែលសម្រេចបាននូវគម្រោង Brexit ដែលទន់ជ្រាយមួយនោះ មន្រ្តីជំនិតរបស់លោកស្រីចំនួន ០៥នាក់ហើយ បានដាក់ពាក្យលាលែងពីតំណែង ដោយក្នុងនោះរួមមានសមាជិកសភាពីររូប ដែលបានចុះចេញពីតំណែង ក្នុងនាមជាអនុប្រធាន នៃបក្សកាន់អំណាច «អភិរក្សនិយម» របស់លោកស្រី May បន្ទាប់ពីការប្រកាសលាលែងរបស់រដ្ឋមន្រ្តីការបរទេស លោក បូរីស ចនសុន (Boris Johnson), រដ្ឋមន្រ្តីទទួលបន្ទុកដំណើរការ Brexit ផ្ទាល់លោក ដេវីដេ ដាវីស (David Davis), និងអនុរដ្ឋមន្រ្តី Brexit លោក ស្ទេវ បាកឺ (Steve Baker)។
គួរជម្រាបថា ជាមួយគ្នានេះមានសេចក្តីរាយការណ៍ថា សមាជិកសភាម្នាក់របស់បក្សអភិរក្សនិយម បានផ្ញើលិខិតដែលស្នើឲ្យមានការបោះឆ្នោតស្តីពីទំនុកចិត្តលើលោកស្រី May ក្នុងនាមជាប្រធានគណបក្ស ហើយប្រសិនបើសមាជិកសភាអភិរក្សនិយមចំនួន ៤៧នាក់ទៀត ធ្វើការដាក់ជូននូវលិខិតដូចគ្នានោះ ការបោះឆ្នោតនឹងត្រូវប្រព្រឹត្តទៅតែម្តង។
ក្រុមអ្នកជំនាញផ្នែកនយោបាយបានឲ្យដឹងថា ទោះជាបែបនេះក្តី លោកស្រី May នឹងអាចផ្តួលគូប្រកួតបានទាំងអស់ ប៉ុន្តែប្រឈមមុខជាមួយការបោះឆ្នោតបែបនេះ នឹងធ្វើឲ្យអាប់ឱនភាពជឿជាក់ទៅលើរូបលោកស្រី ទោះបីជាវាមិនអាចធ្វើឲ្យលោកស្រី ធ្លាក់ចេញពីតំណែងក៏ដោយ។ ជាមួយគ្នានេះ អ្នកវិភាគក៏បានធ្វើការទស្សន៍ទាយផងដែរថា មន្រ្តីបក្សអភិរក្សនិយមឯទៀតៗ នឹងដើរចេញពីតួនាទីរបស់ខ្លួនថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ៕