(ម៉ូស្គូ)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស លេងមិនចាញ់ក្រុមនៅអឺរ៉ុបដូចគ្នា ក្រូអាត ក្នុងចំណោមប្រវត្តិជួបគ្នា ២ដង នៅវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដោយអង់គ្លេបានយកឈ្នះ ៤-១ និង ៥-១ មុនប៉ះគ្នាជាថ្មីនៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះនាម៉ោង ១យប់រំលងអាធ្រាត្រនេះនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ទាំងអង់គ្លេស និងក្រូអាត ធ្លាប់មានប្រវត្តិជួបគ្នាសរុបចំនួន ៨ដង ដោយអង់គ្លេសឈ្នះ៤ដង ស្មើ២ដង និងចាញ់២ដង ដោយជួបគ្នាចុងក្រោយអង់គ្លេស បានបំបាក់ក្រូអាត ៥-១ កាលពីវគ្គជម្រុះ World Cup ក្នុងឆ្នាំ២០០៩។
អង់គ្លេស ជាក្រុមលេខ២ចេញពីពូល G ដែលលេង៣ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល ឈ្នះ២ដង និងចាញ់១ដង ក្រោមថ្វីជើងរបស់ប៊ែលហ្ស៊ិក ដោយលទ្ធផល ១-០ ឈ្នះទុយនេស៊ី ២-១ និងបំបាក់ប៉ាណាម៉ា ៦-១ និងបានទម្លាក់ក្រុម មកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី ៤-៣ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តី ក្រោយប្រកួតពេញម៉ោង៩០នាទី និងថែម ១៥នាទី ២ដងស្មើគ្នា ១-១ ក្នុងវគ្គ ១៦ក្រុម មុនមកបំបាក់ស៊ុយអែត ២-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ។
ងាកមកមើលក្រូអាត ដែលបានឡើងមកលេងនៅ World Cup ជាលើកទី៦ ឆ្នាំ២០១៨នេះ ក៏ជាក្រុមដែលបញ្ចប់ទៅ ដោយចំណាត់ថ្នាក់លេខ១ ចេញពីពូល D ដោយលេង៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះទាំង៣ប្រកួត មិនដែលចាញ់ និងស្មើឡើយ ដោយលេងឈ្នះនីហ្សេរីយ៉ា ២-០ មុនទៅបំបាក់អាហ្សង់ទីន ៣-០ និងចុងក្រោយឈ្នះអាយឡែន ២-១ និងជាក្រុមបានទម្លាក់ដាណឺម៉ាក ចេញពី World Cup 2018 ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-២ ជាមួយនឹងការ ប្រកួតពេញម៉ោង និងថែម ១៥នាទី២ដង ស្មើគ្នា ១-១ មុនទៅទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ៤-៣ ដោយបាល់ប៉េណាល់ទីកាត់ សេចក្តីទៀត ដោយប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ១-១ និងថែម ១៥នាទី ២ដងក៏ស្មើគ្នាទៀត ២-២។
ការបានឡើងមកលេង World Cup ចំនួន ៦ដងរាប់ទាំងលើកនេះ ក្រូអាត មិនទាន់ឈ្នះ និងរងជើងឯកនៃពានលំដាប់ ពិភពលោក មាន៤ឆ្នាំម្តងនេះនៅឡើយទេ ដោយបានត្រឹមជាប់ចំណាត់ថ្នាក់លេខ៣ម្តង កាលពី World Cup 1998 ដែលមានបារាំងធ្វើម្ចាស់ផ្ទះ៕