(គួឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ (Mahathir) បានឈានចូលវ័យ ៩៣ឆ្នាំហើយ កាលពីថ្ងៃអង្គារម្សិលមិញ និងជាមេដឹកនាំចាស់ជាងគេបំផុតនៅលើពិភពលោក ហើយកាលពីលោកទើបឡើងកាន់តំណែងថ្មីៗ លោកបានពោលពាក្យមួយឃ្លា ធ្វើឲ្យប្រជាជនម៉ាឡេស៊ីដែលគាំទ្ររូបលោក ស្រក់ទឹកភ្នែកនោះ «លោកនឹងព្យាយាមនៅឲ្យបានយូរ ប៉ុន្តែមើលទៅប្រហែលជាមិនអាចនោះឡើយ»។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
«រីករាយថ្ងៃកំណើតឈានចូលវ័យ ៩៣ឆ្នាំ លោកឪពុកជាទីស្រឡាញ់»។ នេះគឺជាសារជូនពរពីកូនស្រីរបស់លោក គឺលោកស្រី ម៉ារីណា មហាធៀ (Marina Mahathir) នៅលើបណ្ដាញទំនាក់សង្គម Facebook។ លោក មហាធៀ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី០៩ ខែឧសភាកន្លងទៅ ជាមួយការសន្យាចំនួន ១០ចំណុចសំខាន់ៗ ក្នុងនោះមានដូចជា បង្កើនប្រាក់ចំណូលរបស់ប្រជាជនម៉ាឡេស៊ី បង្កើតក្រុមស៊ើបអង្កេតលើសំណុំរឿងអាស្រូវពុករលួយ នៃមូលនិធិរដ្ឋ1MDB ពាក់ព័ន្ធនឹង អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ និងដោះស្រាយប្រាក់បំណុលរបស់រដ្ឋជាដើម។
ប៉ុន្តែបច្ចុប្បន្នលោក មហាធៀ មានវ័យ ៩៣ឆ្នាំទៅហើយ ខណៈមួយរយៈពេលចុងក្រោយនេះ ក៏មានពាក្យចរចាមអារ៉ាមខ្លះនិយាយ ពីបញ្ហាសុខភាព និងរយៈពេលនៃការកាន់អំណាចរបស់លោកផងដែរ។ មួយវិញទៀត បើគេចាំមិនភ្លេចទេ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Wall Street Journal នៅមុនពេលបោះឆ្នោត នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះធ្លាប់អះអាងថា «លោកនឹងកាន់ដំណែងជានាយករដ្ឋមន្ត្រីយ៉ាងយូររយៈពេលមួយឆ្នាំ ទៅពីរឆ្នាំប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោក មហាធៀ កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ និងធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ២២ឆ្នាំ ពីឆ្នាំ១៩៨១ រហូតដល់ ឆ្នាំ២០០៣ ទើបលោកលាលែងពីដំណែង។ ចំណែកឯអ្នកបន្តវេនពីលោកត្រូវបានគេរំពឹងថា អាចនឹង ជាអតីតមេដឹកនាំបក្សប្រឆាំង ដែលទើបត្រូវបានដោះលែងពីពន្ធនាគារ គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម៕