(អាមេរិក)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនអវកាស SpaceX លោក អេឡុន ម៉ាសក៍ (Elon Musk) បានធ្វើដំណើរទៅកាន់ប្រទេសថៃនាសប្តាហ៍នេះ ដើម្បីជួយដល់ប្រតិបត្តិការជួយសង្គ្រោះមនុស្សទាំង ១៣នាក់ ដែលនៅជាប់ក្នុងរូងភ្នំថាំលួង ហើយលោកបាននាំយកទៅជាមួយនូវវត្ថុបង្កើតថ្មីចុងក្រោយបំផុតរបស់លោក ដើម្បីបម្រើផលប្រយោជន៍ដល់បេសកកម្មនោះថែមទៀតផង ទោះបីនៅទីបំផុតវាពុំត្រូវបានប្រើប្រាស់ក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
លោក Musk និងក្រុមវិស្វកររបស់លោកនៅឯក្រុមហ៊ុន SpaceX និង The Boring Co. បានរចនា និងសាងសង់នាវាមុជទឹកខ្នាតតូចល្អិតមួយគ្រឿង ដើម្បីជួយដល់ការសង្រ្គោះក្មេងប្រុសចំនួន ១២នាក់ ព្រមទាំងគ្រូបង្វឹកម្នាក់របស់ពួកគេ ដែលបានជាប់ខ្លួនក្នុងរូងភ្នំ នៅខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃ តាំងតែពីថ្ងៃទី២៣ ខែមិថុនាមក ដោយសារតែទឹកបានជន់លិចមាត់ច្រកចូលរបស់រូងភ្នំ។
ក្រោយការខិតខំប្រឹងប្រែងដោយផ្សងគ្រោះថ្នាក់ និងចំណាយពេលអស់យ៉ាងយូរ ទីបំផុតមនុស្សទាំង ១៣នាក់ ក៏ត្រូវបានរំដោះចេញពីទីនោះវិញដោយជោគជ័យ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ដែលត្រូវជាថ្ងៃទី ៣ នៃប្រតិបត្តិការមុជទឹករំដោះមនុស្ស ដោយត្រូវឆ្លងកាត់រូបភ្នំទឹកជន់លិចពេញ មានចម្ងាយរាប់គីឡូម៉ែត្រ។
យ៉ាងណាមិញ ក្រុមសង្រ្គោះពុំបានប្រើប្រាស់វត្ថុបង្កើតថ្មីរបស់លោក Musk ឡើយ ដោយប្រធានដឹកនាំប្រតិបត្តិការបានបញ្ជាក់ថា ឧបករណ៍នោះពុំអាចប្រើប្រាស់ក្នុងស្ថានភាពជាក់ស្តែង នៅក្នុងបេសកកម្មខាងលើបាននោះទេ។ ទោះជាបែបនេះក្តី លោក Musk នៅអាចមើលឃើញពីអនាគតនៃវត្ថុបង្កើតថ្មីមួយនេះ។
លោក Musk បានដាក់ឈ្មោះឲ្យនាវាមុជទឹកល្អិតរបស់លោកថា «ជ្រូកព្រៃ» គឺដូចទៅនឹងឈ្មោះក្រុមបាល់ទាត់របស់ក្មេងៗខាងលើ។ បើតាមលោក Musk នាវាបែបឧបករណ៍នេះ ប្រើប្រាស់ផ្នែករបស់គ្រាប់រ៉ុក្កែត Falcon 9 ដែលគេហៅថា បំពង់ផ្ទេរអុកស៊ីសែនរាវ ដើម្បីធ្វើជាតួខ្លួនរបស់វា។ នាវានេះអាចឲ្យក្មេងចូលទៅសំងំបាន ខណៈពេលដែលក្រុមអ្នកមុជទឹក នាំយកឧបករណ៍នេះ ឆ្លងកាត់ច្រកដ៏តូចចង្អៀតនៃរូងភ្នំ ដែលមានចម្ងាយ ០៤គីឡូម៉ែត្រ។
គួរជម្រាបថា បើតាមសារដែលលោក Musk បានបង្ហោះនៅលើបណ្តាញ Twitter លោកបានសម្រេចចិត្តថា ទុកនាវាមុជទឹកខ្នាតតូចនេះនៅឯប្រទេសថៃក្នុងករណីដែលវាអាចជាប្រយោជន៍សម្រាប់ពេលអនាគត ព្រោះថាម៉ាស៊ីននេះ អាចជួយដល់ការសង្រ្គោះអ្នកជំងឺ ដែលងាយនឹងរងគ្រោះនៅក្នុងបរិស្ថានគ្រោះថ្នាក់ ជាពិសេសនៅពេលមានវត្តមាននៃទឹក ឧស្ម័នពុល ឬក៏បាក់តេរីក៏ដូចជាវីរុសដ៏គ្រោះថ្នាក់ផ្សេងៗ៕