(សៀងហៃ)៖ ក្រុមហ៊ុនផលិតយន្តដ៏ធំនៅអាមេរិក «Tesla» នឹងបើករោងចក្រទីមួយរបស់ខ្លួននៅឯក្រៅប្រទេស នៅក្នុងទីក្រុងសៀងហៃ របស់ប្រទេសចិនជាលើកដំបូង នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្ម ដែលបានផ្ទុះឡើងជាផ្លូវការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
រោងចក្រខាងលើ ដែលត្រូវបានគ្រោងនឹងសាងសង់ឡើង ជាមួយសមត្ថភាពដំឡើងរថយន្តដើរដោយថាមពលអគ្គិសនីចំនួន ០៥សែនគ្រឿង ក្នុងមួយឆ្នាំនោះនឹងត្រូវបោះទីតាំងនៅតំបន់ លីនហ្គេង (Lingang) រួមជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្តអគ្គិសនីមួយកន្លែងទៀតផងដែរ បើតាមកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន Tesla និងរដ្ឋបាលក្រុងសៀងហៃ។
រដ្ឋបាលក្រុងសៀងហៃបានឲ្យដឹងថា គម្រោងខាងលើនឹងក្លាយជាគម្រោងដ៏ធំបំផុត ដែលមានការវិនិយោគពីក្រៅប្រទេស នៅក្នុងប្រវត្តិសាស្រ្តរបស់ទីក្រុង ហើយខ្លួននឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ដំណើរការសាងសង់នៃរោងចក្រនេះ ព្រមទាំងជួយលើកកម្ពស់បរិយាកាសផ្នែកអាជីវកម្ម សម្រាប់សហគ្រាសនានារបស់បរទេសថែមទៀត។
ម៉្យាងវិញទៀត បើតាមសេចក្តីប្រកាសនាពេលកន្លងមក Tesla នឹងនាំយករថយន្តម៉ូដែល S, X, និង Three ទៅកាន់ពិព័រណ៍ផលិតផលនាំចូលអន្តរជាតិរបស់ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នាថ្ងៃវិច្ឆិកាខាងមុខ។
គួរជម្រាបថា គម្រោងខាងលើនេះបានលេចឡើង ចំពេលដែលសហរដ្ឋអាមេរិក និងមហាយក្សចិន កំពុងផ្ទុះសង្រ្គាមជាមួយគ្នាក្នុងវិស័យពាណិជ្ជកម្ម តាមរយៈការដំឡើងពន្ធលើផលិតផលរបស់ភាគីម្ខាងៗ ក្នុងទំហំដល់ទៅរាប់រយពាន់លានដុល្លារ៕