(អឺរ៉ុប)៖ ក្រុមហ៊ុនជាច្រើន ក្នុងប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើន លើការសាងសង់ទីក្រុងឆ្លាតវ័យដំបូងគេបង្អស់ របស់អឺរ៉ុបក្នុងទីក្រុងសូហ្វៀរ ប្រទេស ប៊ុលហ្គារី ដោយសង្ឃឹមថា នឹងអាចជំរុញឱ្យមានការអភិវឌ្ឈន៍ស្រដៀងគ្នានេះ នៅទូទាំងទ្វីបអឺរ៉ុបតែម្តង។
គម្រោងទីក្រុងឆ្លាតវ័យ បានដាក់ឲ្យអនុវត្តជាច្រើនកន្លែងរួចមកហើយ ក្នុងប្រទេសចិន ដោយដាក់បញ្ចូលបច្ចេកវិទ្យាសាងសង់ និងព័ត៌មានវិទ្យា ទៅក្នុងផែនការអភិវឌ្ឍទីក្រុង។
ទីក្រុង សូហ្វៀរ ថ្មី នឹងមានទីតាំងស្ថិតនៅប្រហែល២០គីឡូម៉ែតពីទីក្រុង សូហ្វៀរ បច្ចុប្បន្ន។ សព្វថ្ងៃទីក្រុងថ្មីនេះ គឺជាតំបន់ដ៏ពេញនិយមសម្រាប់កសិករចិញ្ចឹមឃ្មុំ និងអ្នកវាយកូនហ្គោលជនជាតិ ប៊ុលហ្គារី។
ទីក្រុងឆ្លាតវ័យនេះ នឹងអាចផ្ទុកមជ្ឈមណ្ឌលតាំងពិព័រណ៍ សណ្ឋាគារ សួនទឹកធំបំផុតនៅឧបទ្វីបបាល់កាន អគារការិយាល័យ ផ្សារទំនើប និងកន្លែងកំសាន្តផ្សេងៗ។
ក្រុមហ៊ុន Bulgaria Development Holding ដែលជាក្រុមហ៊ុនរបស់ចិន គឺជាអ្នកវិនិយោគធំបំផុតលើគម្រោងនេះ គឺបោះទុនចំនួន១,២៥០លានដុល្លារអាមេរិក។
លោកស្រី ចូស៊ី ឡក់ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មនិងទីផ្សារ នៃក្រុមហ៊ុន Bulgaria Development Holding បានថ្លែងថា «ពួកយើងនឹងចាប់ផ្តើមសាងសង់ដំណាក់កាលទីមួយ ក្នុងរយៈពេល៣ឆ្នាំដំបូង។ នៅចុងឆ្នាំនេះផងដែរ ពួកយើងមានផែនការចង់បើកការដ្ឋានសាងសង់តែម្តង។ ចាប់ផ្តើមពីពេលមានកិច្ចប្រជុំកំពូល១៦+១ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ពួកយើងនឹងចុះកិច្ចព្រមព្រៀងខ្លះៗ ជាមួយដៃគូសហការរបស់យើងមួយចំនួន និងរាជរដ្ឋាភិបាលផងដែរ»។
លោក ស្តាមែន យ៉ាណែវ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនបណ្តាក់ទុនប៉ុលហ្គារី សង្ឃឹមថា គម្រោងមួយនេះ នឹងបើកផ្លូវដល់ការអភិវឌ្ឈន៍បន្ថែមទៀត ដល់ក្រុមហ៊ុនចិនដទៃទៀត។
លោក ស្តាមែន យ៉ាណែវ និយាយថា «មានមូលហេតុធំៗចំនួនបី ដែលបង្ហាញថានេះ គឺឱកាសដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនចិន។ នៅពេលដែលគេបណ្តាក់ទុន ក្នុងប្រទេសប៊ុលហ្គារី គេនឹងទទួលបានតំបន់អឺរ៉ុបទាំងមូល ពីព្រោះប៊ុលហ្គារី គឺជាប្រទេសដែលនៅជិតបំផុត បើធ្វើដំណើរពីសហភាពអឺរ៉ុបទៅប្រទេសចិន។ ហើយពួកយើង គឺជាផ្នែកមួយនៃគម្រោង ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់ចិន»។
ក្រុមហ៊ុនសាងសង់រដ្ឋចិន និងក្រុមហ៊ុនទូរស័ព្ទ ZTE ក៏បានចូលរួមក្នុងគម្រោងនេះដែរ។ ហើយគ្រប់ដៃគូសហការទាំងអស់សង្ឃឹមថា គម្រោងនេះ នឹងក្លាយជាកត្តាលើកទឹកចិត្ត ដែលបង្កើតឱ្យមានការចាប់អារម្មណ៍ពី បណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអឺរ៉ុប ឱ្យមកចូលរួមសាងសង់ទីក្រុងដែលស្រដៀងគ្នានេះដែរ៕ (សារព័ត៌មាន CCTV របស់ចិន)