(តូក្យូ)៖ អាជ្ញាធជប៉ុនបានអះអាងនៅថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុនបានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្សបាត់ខ្លួន ៥៦នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋាភិបាលជប៉ុនបានបញ្ជូនប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពរាប់ម៉ឺននាក់ រួមទាំងឧទ្ធម្ភាគចក្រជិតមួយពាន់គ្រឿងគ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។
ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយមានមនុស្ស ៦០នាក់បានស្លាប់។ ចំណែកឯថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរដើម្បីសង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ ខណៈការខូចខាតគ្រាន់តែទៅលើប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ។
គួរបញ្ជាក់ថា ការបំផិ្លចបំផ្លាញដោយគ្រោះធម្មជាតិដ៏អាក្រក់នេះមានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនី ប្រើប្រាស់ និង៣០០,០០០ខ្នងទៀតគ្មានទឹកស្អាតប្រើប្រាស់នៅក្នុងខេត្តចំនួន១២។ មួយវិញទៀត បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើ ឡើងនៅថ្ងៃពុធនេះ៕