(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដុតភ្នក់ភ្លើងសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួនជាមួយចិន ឲ្យកាន់តែកញ្ជ្រោលឡើង តាមរយៈការប្រកាសពីគំរោងតម្លើងពន្ធបន្ថែម លើផលិតផលនាំចូលពីចិន ដែលមានទំហំទឹកប្រាក់ជាង ២០០ពាន់លានដុល្លារ យ៉ាងយូរនៅត្រឹមខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
ការប្រកាសពីគំរោងតម្លើងពន្ធនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមហាយក្សសេដ្ឋកិច្ចទាំងពីរតម្លើងពន្ធ ៣៤ពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក និងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា នឹងតម្លើងពន្ធបន្ថែមប្រឆាំងនឹងចិន បើសិនជាទីក្រុងប៉េកាំងចាត់វិធានការសងសឹក។
គួរបញ្ជាក់ថា បើតាមសេតវិមានការតម្លើងពន្ធ ២០០ពាន់លានដុល្លារនេះ គឺជាការឆ្លើយតបទៅនឹងការធ្វើការពាណិជ្ជកម្មមិនស្មើភាពរបស់ចិន ហើយវានឹងត្រូវអនុវត្តន៍លើផលិតនាំចូលពីចិនច្រើនជាង ៦,០០០មុខ ក្នុងនោះរួមមានផលិតផល ចំណីអាហារ រ៉ែ និងរបស់របរប្រើប្រាស់ដូចជាកាបូបយួរដៃជាច្រើន។ ចំណែកឯ បណ្ដាក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក នឹងមានពេលរហូតដល់ខែសីហា ដើម្បីតវ៉ាមុននឹងការតម្លើងពន្ធនេះចូលជាធរមាន៕