(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងតិច១៣នាក់ ក្នុងនោះមានអ្នកនយោបាយមួយរូប បានបាត់បង់ជីវិត ព្រមទាំង៤៧នាក់បានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបានវាយប្រហារចំកន្លែងជួបជុំផ្នែកនយោបាយមួយ នៅទីក្រុងពែស្សាវ៉រ (Peshawar) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរប៉ាគីស្ថាន បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត រួមមានលោក ហារូន ប៊ីលួ (Haroon Bilour) ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស AណP។ ប៉ូលិសបានបញ្ជាក់ថា ជនបំផ្ទុះបង្កៃគ្រាប់បែកជាប់ខ្លួន បានបំផ្ទុះខ្លួនរបស់គេ នៅពេលដែលលោក Harroon Bilour កំពុងជួបសំណេះសំណាលជាមួយក្រុមការងារបក្សនៅទីសាធារណៈ ក្នុងតំបន់យ៉ាកាទូត (Yakatoot) នៃទីក្រុងខាងលើ។
គួរជម្រាបថា ពេលនេះមិនទាន់មានក្រុមណាមួយ បានចេញមុខអះអាងថាទង្វើខាងលើ ជាការរៀបចំរបស់ខ្លួននៅឡើយទេ៕