(តូក្យូ)៖ អាជ្ញាធជប៉ុន បានអះអាង នៅថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងជោគជាំ នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុនបានកើនដល់ ១៥៩នាក់ហើយ រីឯមនុស្សបាត់ខ្លួន៥៧នាក់ ទៀតត្រូវបានគេជឿជាក់ថាជាប់ក្រោមល្បាប់ភក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋាភិបាលជប៉ុន បានបញ្ជូនប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពជាង ៧៣,០០០នាក់ រួមទាំងឧទ្ធម្ភាគចក្រ ៧០០គ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។ ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយ មានមនុស្ស៥៩នាក់បានស្លាប់។ ចំណែកឯ ថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរដើម្បីសង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ ខណៈការខូចខាតគ្រាន់តែទៅលើប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ។
គួរបញ្ជាក់ថា ការបំផិ្លចបំផ្លាញដោយគ្រោះធម្មជាតិដ៏អាក្រក់នេះមានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនី ប្រើប្រាស់ និង៣០០,០០០ខ្នងទៀតគ្មានទឹកស្អាតប្រើប្រាស់នៅក្នុងខេត្តចំនួន១២។ មួយវិញទៀត បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើ ឡើងនៅថ្ងៃពុធនេះ៕